អាមេរិកកំពុងបង្កើនសម្ពាធ ដើម្បីកុំឱ្យចិនផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី

អាមេរិក៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកជឿប្រាកដណាស់ថា ចិនកំពុងពិចារណាផ្គត់ផ្គង់ អាវុធទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។

ទោះបីជាអះអាងថាអាមេរិកមិនទាន់មើលឃើញសញ្ញាណាមួយថាចិនបានបញ្ជូនអាវុធក្ដី ក្រុមមន្រ្តីបានព្រមានថា ចិនមិនគួរធ្វើហួសបន្ទាត់ក្រហម នោះ ទេ។
នាយកទីភ្នាក់ងារស៊ើបការណ៍សង្ងាត់ (CIA) លោក វីលៀម ប៊ឺនស៍ បានថ្លែង ប្រាប់បណ្ដាញទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យក្នុងបទសម្ភាសន៍ដ៏កម្រ មួយថា៖ «យើងមានទំនុកចិត្តថា ថ្នាក់ដឹកនាំចិនកំពុងពិចារណាលើការផ្តល់ ឧបករណ៍ដែលអាចសម្លាប់ជីវិត(អាវុធ)» ដល់រុស្ស៊ី។

លោកបន្ថែមថា៖ «យើងក៏មិនឃើញថាការសម្រេចចិត្តចុងក្រោយ ត្រូវបាន ធ្វើឡើងនៅឡើយទេ ហើយយើងមិនឃើញភស្តុតាងនៃការនាំចេញពិត ប្រាកដ នៃ អាវុធនោះទេ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងមួយសប្ដាហ៍ចុងក្រោយនេះ មន្រ្តីសហរដ្ឋ អាមេរិកនិងក្រុមមន្រ្តីពីបណ្ដាប្រទេសសម្ព័ន្ធណាតូ បានបើកការវាយ លុក ផ្នែកការទូតទ្រង់ទ្រាយធំ ដើម្បីព្រមានចិនប្រឆាំងនឹងការផ្តល់អាវុធឱ្យរុស្ស៊ី ដែលអ្នកជំនាញមើលឃើញថា អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ សង្រ្គាម នៅអ៊ុយក្រែន។

មកទល់ពេលនេះ ចិនបានបដិសេធនូវការអះអាងរបស់អាមេរិក យ៉ាង ដាច់អហង្ការ ដោយនិយាយថា មានតែអាមេរិកទេ ដែលជាអ្នកផ្ដល់ អាវុធទៅសមរភូមិនៅអ៊ុយក្រែន ហើយអាមេរិកក៏គ្មានឋានៈអ្វីទៅ បញ្ជា ចិនថាអ្វីគួរ ឬមិនគួរធ្វើដែរ។

បើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាកាសែត The Wall Street Journal និងទូរទស្សន៍ NBC បានដកស្រង់សម្តីមន្ត្រី អាមេរិក ជាអនាមិកថា ចិនកំពុងថ្លឹងថ្លែងលើការផ្តល់ដ្រូន និងគ្រាប់បែកមួយ ចំនួន ដល់រុស្ស៊ី។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Der Spiegel បាន រាយការណ៍ថាទីក្រុងប៉េកាំង និងទីក្រុងមូស្គូកំពុងចរចាលើការ ទិញដ្រូន ចំនួន ១០០ ពីក្រុមហ៊ុនចិន ដើម្បីប្រើនៅអ៊ុយក្រែន។

កាលពីជាងមួយសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសលោក អែនថូនី ប្ល៊ីងកែន បានបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ជាមួយអ្នកការទូតកំពូលចិន លោក វ៉ាង វី ក្នុងអំឡុងពេលកិច្ចប្រជុំដ៏តានតឹងមួយនៅ ក្រៅសន្និសីទសន្តិសុខនៃទីក្រុងម៉ុយនិច។

កាលពីថ្ងៃពុធសប្ដាហ៍មុន លោក វ៉ាង បានធ្វើដំណើរទស្សនកិច្ចទៅក្រុងមូស្គូ និងជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ូឌីមៀរ ពូទីន ដោយគូសបញ្ជាក់ ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
នាពេលនេះ មន្រ្តីអាមេរិកអះអាង ក្រុមហ៊ុនចិនបានផ្ដល់ឧបករណ៍មិនបង្ក គ្រោះថ្នាក់ដល់ជីវិតដល់រុស្ស៊ីរួចហើយ។ កាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខ ជាតិ សហរដ្ឋអាមេរិក លោក ចេក ស៊ូលីវ៉ាន បាននិយាយថា សហរដ្ឋអាមេរិក នឹងនៅតែ «ប្រុងប្រយ័ត្ន» អំពីការផ្គត់ផ្គង់ផ្នែកយោធារបស់ចិនដល់រុស្ស៊ី ហើយវានឹងមានផលវិបាក ប្រសិនបើទីក្រុងប៉េកាំងហ៊ានបញ្ជូនអាវុធ។

លោក ស៊ូលីវ៉ាន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន CNN ថា៖ «យើងនឹង បន្តផ្ញើសារដ៏ខ្លាំងមួយ ដែលយើងជឿថាការបញ្ជូនជំនួយយោធាទៅឱ្យ ប្រទេសរុស្ស៊ីនៅពេលនេះ នឹងក្លាយជាកំហុសដ៏អាក្រក់មួយ» ដែល ចិនមិនចង់បាន ហើយការសម្រេចចិត្តជួយរុស្ស៊ីនឹងត្រូវ «ខូតខាតពិត ប្រាកដ» សម្រាប់ចិន៕
ដោយ៖ហួន ឌីណា
ប្រភព៖ US in pressure campaign to stop China from arming Russia

ads banner