សម្ដេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសពីលោក ស៊ុន ឆ័យ ឡើយ ចំពោះការចោទប្រកាន់ពីការលួចសន្លឹកឆ្នោត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនទទួលយក ការ សុំទោសពីលោក ស៊ុន ឆ័យ ឡើយ ចំពោះការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកលួចសន្លឹកឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈសារឆ្លងឆ្លើយរវាងសម្ដេច នៅវៀងចន្ធ័ ប្រទេសឡាវ ជាមួយ សយ សុភាព រឿង ស៊ុន ឆ័យ ចង់សុំទោស ថ្ងៃ១៣ កុម្ភះ ២០២៣ ឆ្លើយពីវៀងចន្ទន៍ ប្រទេសឡាវ ។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក សយ សុភាព ថា យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់ វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាន នូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើ ងធ្លាប់ត្រូវបានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែល នៅតែ កើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោស តាមផ្លូវតុលាការ ដើម្បីឱ្យមនុស្យអាក្រក់ វារាងចាល។
សម្ដេចតេជោបន្តថា ភាព(សយ សុភាព) ខ្លួនឯងបានដឹងច្បាស់ហើយ តើ សម រង្សុី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុត វាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នា ដែលយើងត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ។
សូមរំលឹកថា តុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់សាលាឧទ្ធរណ៍ លើសំណុំរឿង លោក ស៊ុន ឆ័យ អនុប្រធាន គណបក្ស ភ្លើងទៀន ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងប្តឹងដោយ គ.ជ.ប។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាមេធាវីដើមបណ្តឹង ។
ក្នុងការប្រកាសសាលដីការរបស់តុលាការកំពូល លើសំណុំរឿង ប្ដឹងសារទុក្ខនេះ ពុំឃើញវត្តមាន សុន ឆ័យ, អ្នកគាំទ្រ និងអ្នកសារព័ត៌មាន មកចូលរួម ដូចកាលពីថ្ងៃសវនាការឡើយ។ ចំពោះវត្តមានមេធាវីការពារសិទ្ធិ លោក សុន ឆ័យ ឃើញមានតែលោក ជួង ជូងី ឯលោក កែត ឃី អវត្តមាន។ ក្រុមប្រឹក្សាជំនុំជម្រះ មាន លោក ជីវ កេង ជាប្រធាន។
សូមបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌ បន្ទាប់ពីលោក សុន ឆ័យ ប្រើវោហាស័ព្ទវាយប្រហារលើ គណបក្ស ប្រជាជនកម្ពុជា និង គ.ជ.ប លើការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ ថា មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។
ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ ៕ ដោយ៖ វណ្ណលុក


