សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាបន្ទាន់ឱ្យយកសត្វក្ងោក ជូនទៅ ម្ចាស់វិញដល់ផ្ទះ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញ បទបញ្ជាបន្ទាន់ ឲ្យយកសត្វក្ងោក ជូនទៅម្ចាស់វិញដល់ផ្ទះ នៅខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសារពិសេស ផ្ញើជូនជនរយមជាតិ និងជូនដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលកំពុងស្ថិត នៅប្រទេស បារាំង ក៏ដូចជាជូនទៅរដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម និងមន្ត្រី ក្រសួងកសិកម្ម ដែលទទួលខុសត្រូវខាងសត្វ ។

សម្ដេចបន្តថា ដោយប៉ុន្មានថ្ងៃនេះ មានការពាក់ព័ន្ធទៅនឹងបញ្ហា ចាប់ យកសត្វក្ងោក ដែលប្រជាពលរដ្ឋបានចិញ្ចឹម ហើយប្រជាពលរដ្ឋ បាន ស្រេចរកសម្ដេច ដើម្បីជួយទៅលើបញ្ហានេះ។ សម្ដេចថា ខ្ញុំមិនដឹង ច្បាស់ថា តើអស់លោកចាប់ គឺដោយមូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវ ទាំងឡាយ គឺខ្ញុំទុកមួយឡែកសិន ។

ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារ ដែល ចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ សម្ដេចថា ខ្ញុំមិនយល់ស្របជាមួយនឹងទង្វើបែបនេះនោះទេ។ យើងគួរតែលើកទឹក ចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែល ប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលវាមិនយូរប៉ុន្មាន សត្វនេះវានឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់ ។

សម្ដេចបានបន្ថែមថា មុននេះ ខ្ញុំក៏មានចិញ្ចឹមសត្វក្ងោកជាច្រើនដែរ ក៏ប៉ុន្តែ ដោយសារបារម្ភទៅលើបញ្ហាចៅៗរបស់ខ្ញុំ, ខ្ញុំក៏ឲ្យយកសត្វក្ងោក នេះទៅ ទុកនៅកូនប្រុសរបស់ខ្ញុំវិញ។ អញ្ចឹងទេគ្មានហេតុផលណាមួយ ដែលនឹង ត្រូវទៅចាប់យកសត្វក្ងោក ដែលប្រជាជនចិញ្ចឹម យកមកទុកនៅ កន្លែង ចិញ្ចឹមសត្វ ហើយចាត់ទុកជាអំពើខុសច្បាប់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ក្នុងករណីដែលច្បាប់មាន ចែង ក៏សូមស្នើឲ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនៅកថាខណ្ឌណាដែលទាក់ទងជាមួយនិងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរតែត្រូវលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹម ជាការដែលធ្វើការរារាំងដល់ចលនានៃការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ។

សម្ដេចបញ្ជាក់ថា ទទួលបានបទបញ្ជានេះហើយ មន្ត្រីពាក់ព័ន្ធក្នុងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជូនសត្វនេះ ទៅដល់ផ្ទះ ប្រជាពលរដ្ឋវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី២៨ កុម្ភៈតែម្ដង។ សូមអនុវត្តភ្លាមនូវបទបញ្ជានេះ ដោយគ្មានការរង់ចាំ។ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលមិនអាចមិនអនុវត្តបានឡើយ រឿងដទៃទៀត ទុកនិយាយគ្នានៅពេលក្រោយ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner