ផ្លូវក្រវាត់ក្រុងខ្សែទី៣ដែលមានតម្លៃ ២៧៣ លានដុល្លារ នឹងបញ្ចប់ការសាងសង់ក្នុងពាក់កណ្តាលឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ:ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលបានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ គ្រោងនឹង បញ្ចប់ការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ គិត មកដល់ចុងខែកុម្ភៈ នេះ ការងារសាងសង់សម្រេចបាន៨៩,៨៥ភាគរយហើយ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នារសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ក្នុង ពេល លោក ដឹកនាំប្រតិភូក្រសួង ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ -ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុប៥៣គីឡូម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ អ្នកសារព័ត៌មាន នាឱកាសនោះថា ៖ «តាមពិត ផ្លូវនេះត្រូវ ធ្វើឱ្យ ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែ ដោយសារ មានការ ដោះស្រាយលើបញ្ហា ផសេងៗ ក៏ក្រុមហ៊ុនមានការ ស្នើសុំពន្យារពេលរហូតដល់ខែ៩ ឆ្នាំ ២០២៣ ប៉ុន្តែយើង ខ្ញុំជំរុញ ឱ្យ មានការ បញ្ចប់ នៅ ក្នុង ខែឧសភា ឆ្នាំ២០២៣នេះ»។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ចំពោះតម្លៃនៃការសាងសង់ ផ្លូវនេះ បូករួមទាំងថ្លៃនៃការ ប្រឹក្សា បច្ចេកទេស សរុប ចំនួន២៧៣លានដុល្លារអាមេរិក ដែល មានតម្លៃ ថ្លៃណាស់ ក្នុង ការ សាងសង់ផ្លូវ ដែលមាន ប្រវែង ៥៣គីឡូម៉ែ ត្រនេះ ព្រោះយើង ត្រូវ ធ្វើកម្រាស ខ្ពស់ និង មានស្តង់ដារតាមបច្ចេកទេសត្រឹមត្រូវ។

បន្ទាប់ ពី ធ្វើការពិនិត្យ លើ ផ្លូវ នេះ ឯកឧត្តមស៊ុន ចាន់ថុល ថ្លែងថា លោកមិនមានឃើញ ចំណុចណាមួយដែល ត្រូវ ស្នើឱ្យ ក្រុម ហ៊ុនមានការកែតម្រូវនោះទេ ប៉ុន្តែទាក់ទងនឹង ផ្លូវ បំបែក លោក បាន ស្នើ ឱ្យ មានការ ដាក់ភ្លើងសញ្ញា ឱ្យបានត្រឹមត្រូវដើម្បី ចៀសវាងនូវ គ្រោះថ្នាក់ចរាចរណ៍ កើតមានឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បាន ស្នើ ឱ្យ មានការ ដាំដើមផ្កា នៅ កណ្តាល ពុះទ្រូង ផ្លូវ ដើម្បី ការពារ ការចាំងភ្នែក នៅពេលបើកបរពេល យប់ ដោយសារ ផ្លូវនេះមានគន្លងពីរ គឺទៅ និងមក ហើយត្រូវ រួមគ្នា ថែរក្សា ដើមឈើ ដើមផ្កា ឱ្យបានស្អាតល្អ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា យើងមាន ផ្លូវ ក្រវាត់ក្រុង ទី១,ទី២ហើយ និងទី៣នឹងរួចរាល់ឆាប់ៗ ដែលទី៣នេះ មិនទាន់មាន ជាក្រវាត់ពេញនៅឡើយទេនៅ ផ្នែកខាងកើត តែយើង ក៏មានផែនការ ដាក់ក្នុង គម្រោងរំកិល ៥ឆ្នាំរបស់មិត្តចិន ដើម្បី យកថវិកានេះមកកសាងឱ្យបាន ជុំវិញរួចរាល់តែម្តង។ ជាមួយគ្នានេះ យើងក៏នឹង មានផ្លូវ ក្រវាត់ក្រុងទី៤ទៀត ផងដែរ។

យោងតាមក្រសួង សាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ នេះ មាន ផ្លូវមេប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ កម្រាស់បេតុងស៊ីម៉ង់ត៍សរសៃដែក ២២សង់ទីម៉ែត្រ និងផ្លូវខ្នែង សរុប៥,៣៧៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រ លើកតួផ្លូវ១៣ម៉ែត្រ កម្រាស់ (AC) ៩សង់ទីម៉ែត្រ។

ក្រសួងបន្តថា កំណាត់ផ្លូវមេក្នុងទីប្រជុំជនប្រវែង២,៨០គីឡូម៉ែត្រ មានទទឹងសរុប២៧ម៉ែត្រ និងកំណាត់ផ្លូវមេក្រៅទីប្រជុំជន ប្រវែង៤៤,៨០គីឡូម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ។
ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង១៧,៧៧០គីឡូម៉ែត្រ និងខ្សែផ្លូវកាត់ភូមិសាស្ត្រខេត្តកណ្តាល ប្រវែង៣៥,២១៣គីឡូម៉ែត្រ មានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប៥៤៨ម៉ែត្រ ស្ពានរំលងប្តូរទិស(Interchange) និងស្ពានរំលង(Flyover) មានតម្លៃសាងសង់ប្រមាណ ២៦៧,៦៧ លានដុល្លារ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ មានផ្លូវតភ្ជាប់ទៅនឹងទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ ឈ្នះ និងមហាវិធីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ៕

ដោយ:នាង សុគន្ធា

ads banner