អាជ្ញាធរមីនប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តអស់មីនទី៩ ក្រោមគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

អត្ថបទដោយ៖
CPA

កំពង់ឆ្នាំង៖អាជ្ញាធរមីនកម្ពុជា បានប្រកាសដាក់ខេត្តកំពង់ឆ្នាំងជាខេត្ត អស់មីនទី៩ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែល សមិទ្ធផល នៃការងារបោសសម្អាតមីននៅខេត្តកំពង់ឆ្នាំងនេះ បានកើត ឡើងចេញពីម្លប់សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច តេជោនាយករដ្ឋមន្រ្តី។នេះជាការលើកឡើងរបស់ ឯកឧត្តមទេស រដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាក្នុងពិធីប្រកាស ខេត្ត កំពង់ឆ្នាំងជាខេត្តអស់មីននាព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០២៣ ដោយ មានការចូលរួមពីអ្នកតំណាងរាស្រ្ត រដ្ឋបាលខេត្ត មន្រ្តីរាជការជុំវិញ ខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករ បោសសម្អាតមីន និងជនមានពិការភាពជាច្រើនរូប។

ឯកឧត្តមមានប្រសាសន៍ថា ៖ «សមិទ្ធផលនៃការងារបោស សម្អាត មីននៅខេត្តកំពង់ឆ្នាំងនេះ បានកើតឡើងចេញពីម្លប់សន្តិភាព ក្រោម នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយ បើគ្មានសន្តិភាពទេ អ្វីៗក៏គ្មានដែរ រាប់បញ្ចូលទាំងការងារ បោស សម្អាតមីន»។
គិតត្រឹមឆ្នាំ២០២២ រយៈពេល ៣០ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការ គំរាម ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម រាប់លានគ្រាប់។

ឯកឧត្តម លី ធុជ បានបញ្ជាក់ទៀតថា ៖ «កម្ពុជា ស្ថិតក្នុងចំណោម ប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីន មនុស្ស ធម៌ ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិជាប្រទេស ឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមាន ផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ»។

ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងប្រកបដោយទស្សនៈវិស័យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឥតឈប់ឈរដល់កិច្ចខិត ខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្ដារ និងអភិវឌ្ឍន៍ ប្រទេសជាតិ ពិសេសការឈានទៅសម្រេចបាននូវផែនការ យុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដោយត្រូវបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «អាជ្ញាធរមីន នឹងបន្ត សហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និង គ្រប់ភាគីពាក់ព័ន្ធ ប្តេជ្ញាចិត្តបំពេញបេសកកម្មរួមគ្នាសម្រេចឱ្យបា ន នូវចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការបញ្ចប់ការងារបោសសម្អាត មីនឱ្យអស់ត្រឹមឆ្នាំ២០២៥»។

យោងតាមអាជ្ញាធរមីន កម្ពុជា បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះសរុបប្រមាណជាង ៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោស សម្អាតរួច ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំង មនុស្សចំនួន ២ ៨៥២ គ្រាប់, មីនប្រឆាំងរថក្រោះ ៥០ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៥ ៤២៨ គ្រាប់ ដោយអង្គភាព ស៊ីម៉ាក់។
ប្រភពដដែលបានបន្តថា សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីននៅខេត្តកំពង់ឆ្នាំង និងឈានដល់ប្រកាស ជាខេត្តអស់មីន នាពេលនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាត មីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០.៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១០ ចម្ការមីន។
បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅខេត្តកំពង់ឆ្នាំង ដែល យើង បានដឹង និងត្រូវបានប្រកាសអស់មីន ខេត្តកំពង់ឆ្នាំង នៅសល់ ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦,៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥០ ចម្ការគ្រាប់ ទៀត។
នាឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បន្តមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះហានិភ័យដែលអាចកើតមានឡើងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមិនត្រូវប៉ះពាល់ ឬដំ, ដុត, កាយ ឬគប់លេងឡើយ ដោយសារវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ មានសមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។
ឯកឧត្តមបញ្ជាក់ថា ៖ «ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មិន ទាន់ផ្ទុះ ដែលជាអំពើល្មើសច្បាប់, កុំប្រើប្រាស់ដី និងកុំចូលក្នុង តំបន់ ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមានគ្រាប់ មិនទាន់ ផ្ទុះ»។

ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់ សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិតប្រាំពាន់នាក់ នាថ្ងៃទី១ ខែមីនា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើក ឡើងថា ត្រូវធ្វើការបំផ្លាញចោលនូវគ្រាប់មីនឱ្យអស់នៅ ត្រឹមឆ្នាំ ២០២៥ ដើម្បីធានាថាប្រជាជនទទួលបានដីធ្លីដោយគ្មានគ្រោះថ្នាក់ ឬអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត ឬមិនសូវស្គាល់ភូមិសាស្រ្ត ដែលអាចធ្វើឱ្យគ្រោះថ្នាក់ជាន់មីន។

សម្ដេចតេជោបានបន្តថា កម្ពុជានឹងខិតខំក្នុងការដោះ និងបំផ្លាញ ចោល ឱ្យអស់ក្នុងឆ្នាំ២០២៥ ដែលកម្ពុជាបានប្រើប្រាស់ពេល៣០ឆ្នាំ ហើយដើម្បីដោះឱ្យអស់ ប៉ុន្តែវាមិនទាន់អស់ ដោយសារប្រទេស កម្ពុជាបានហែកហួរដោយសារសង្រ្គាមធំពេក។
សូមបញ្ជាក់ថា ខេត្តដែលត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង, កែប, ព្រៃវែង, ភ្នំពេញ, ព្រះសីហនុ, ត្បូងឃ្មុំ, កំពង់ចាម, ស្វាយរៀង និងខេត្តកំពង់ឆ្នាំង៕
ដោយ៖នាង សុគន្ធា

ads banner