ប្រាំឆ្នាំមកនេះការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទូទាំងខេត្តតាកែវសម្រេចបានជិត ៧០ម៉ឺនប័ណ្ណ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងរយៈពេលប្រាំឆ្នាំការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុង ក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី អនុវត្តសម្រេចបានភូមិចំនួន ២៧៨ ភូមិ ខណៈការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្តនេះ បានសម្រេចសរុបចំនួនជិត៧០ម៉ឺនប័ណ្ណ។ នេះបើតាមការប្រកាស របស់ រដ្ឋបាលខេត្តតាកែវតាមរយៈសន្និសីទសារព័ត៌មានស្តីពី៖ ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាល ខេត្តតាកែវ ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២ខែ មិនា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ពាក់ព័ន្ធការងារ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជុំវិញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តតាកែវ ដោយគិតពីឆ្នាំ ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ការងារចុះបញ្ជីដីធ្លីលក្ខណៈ ជា ប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក្នុងរយៈពេល៥ឆ្នាំ នេះ បានដំណើរការអនុវត្តក្នុងភូមិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុង ស្រុក ចំនួន ៥ ហើយបើគិតចាប់តាំងពីចាប់ផ្តើមអនុវត្តមកដល់ បច្ចុប្បន្ន មានចំនួន ៨៤ឃុំ សង្កាត់។ចាប់តាំងពីចាប់ផ្តើមអនុវត្ត រហូត មកដល់ បច្ចុប្បន្ន ខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋសរុបចំនួន ៦៤៥ ៦៨៧ប័ណ្ណ ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៧៥ ក្បាលដី ដោយ គិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣ ៣២០ ប័ណ្ណ។

អភិបាលខេត្តតាកែវរូបនេះ បានបញ្ជាក់ដែរថា សមិទ្ធផលទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្រ្តី និងបងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែចំនួននេះ នៅតែមិនទានមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅ ឡើយ ទេ។

ឯកឧត្តម អ៊ូច ភា បានបន្ថែមថា ៖ «ដូចដឹងស្រាប់ហើយថា ខេត្តតាកែវ តូច តែមានចំនួនពលរដ្ឋរស់នៅច្រើន ខណៈធនធានមន្រ្តីរាជការ របស់ យើងសម្រាប់បំពេញការងារនេះនៅមានតិច តែតម្រូវការដីរបស់ ពលរដ្ឋ មានទំហំច្រើន ធ្វើឱ្យមានភាពយឺតយ៉ាវ និងខ្វះចន្លោះ តែយ៉ាង ណា រដ្ឋបាលខេត្ត ប្តេជ្ញានឹងខិតខំពន្លឿនការងារនេះដើម្បីឈានទៅ បញ្ចប់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របតាមផែនការរបស់ក្រសួង ដែនដី»។

ចំណែក លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានឱ្យដឹងដែរថា កន្លងមករដ្ឋបាល ខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ជាសេនាធិការបានដាក់ចេញនូវផែនការគ្រប់គ្រង និងប្រើប្រាស់ ដីធ្លី ដើម្បីធានាបាននូវប្រសិទ្ធភាព និងកាត់បន្ថយនូវបញ្ហាប្រឈម នានា ទាក់ទងនឹងវិស័យដីធ្លីដូចជា បានរៀបចំផែនការដែនដីខេត្តតាកែវ ដែលអនុម័តដោយរាជរដ្ឋាភិបាល និងប្លង់ប្រើប្រាស់ដីក្រុងដូនកែវ ដែល បានស្នើសុំការអនុម័តពីគណៈកម្មការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ជាតិ និងរាជរដ្ឋាភិបាល។

ក្រៅពីចែកប័ណ្ណកម្មសិទ្ធដីធ្លី លោកបានបញ្ជាក់ថា ៖ «មន្ទីរក៏បានខិតខំ ជំរុញការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយបានខិត ខំ ធ្វើការ សម្របសម្រួលដោះស្រាយករណីទំនាស់ដីធ្លី ជូនបងប្អូន ប្រជា ពលរដ្ឋ និងអ្នកពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្តផងដែរ»។
យោងតាមរបាយការណ័របស់រដ្ឋបាលខេត្តតាកែវ បានបង្ហាញថា ពាក់ព័ន្ធនឹងការងារដីធ្លីនេះដែរ ក្នុងរយៈពេល៥ឆ្នាំមកនេះ រដ្ឋបាលខេត្ត ក៏បានទទួលពាក្យស្នើសុំចំនួន ២១គម្រោង និងបានចេញលិខិត អនុញ្ញាត ចំនួន ២១គម្រោង ស្មើនឹង ១ ៨៥៨ឡូត៍។ ជាងនេះទៀត រដ្ឋបាលខេត្តក៏បានពង្រឹងការអនុវត្តវិធានការសំណង់ និងត្រួតពិនិត្យ ការ អនុញ្ញាតសាងសង់ដោយបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ១៩៣ច្បាប់ ដែលមានទុនវិនិយោគប្រមាណ ៦២៧.៥៨៤ដុល្លារ អាមេរិក។

ដោយឡែក ការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការវិញ រដ្ឋបាលខេត្ត ក៏បានទទួលពាក្យបណ្តឹងសរុបចំនួន ៣២៣ករណី បាន ដោះស្រាយបញ្ចប់ដោយព្រមព្រៀង ១០៧ ករណី ច្រានចោល ពាក្យ បណ្តឹង ១៦០ករណី(ដោយខុសយុត្ថាធិការ) ម្ចាស់បណ្តឹង ដកពាក្យ បណ្តឹងវិញ ៣៩ករណី បញ្ជូនទៅស្ថាប័នថ្នាក់ជាតិ ប្រាំករណី និងកំពុ ងដំណើរការដោះស្រាយ ១៧ករណី។

ជាមួយគ្នានេះដែរ ថ្មីៗនេះ រដ្ឋបាលខេត្តក៏បានចូលរួមជាមួយក្រុម ការងារ នៃគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់លើដីធ្លី និងផលដំណាំផ្សេងៗលើគម្រោងអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល(គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ លេខ៣ និងគម្រោងសាង សង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ) ថែមទៀត៕
ដោយ៖ សែម ពិសី

ads banner