មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយក្រសួងបរិស្ថាន
ខេត្តកោះកុង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ដោយក្រសួងបរិស្ថាន។ ក្រសួងបានណែនាំ និងផ្តល់ ការងារចាំបាច់ឱ្យមន្ទីរបរិស្ថានខេត្តទាំងបី (កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់) និងមន្រ្តីឧទ្យានុរក្ស សហការជិតស្និទ្ធជាមួយ អង្គការ ដៃគូក្នុងការគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលប្រកបដោយប្រសិទ្ធភាព។
ការថ្លែង របស់ ឯកឧត្តម សៅ សុភាព បានធ្វើឡើងនារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខា សាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ អនុវត្ត បន្តឆ្នាំ២០២៣ របស់គម្រោងអភិរក្សឧទ្យានជាតិជួរភ្នំ ក្រវាញ កណ្តាល ដែលប្រារព្ធធ្វើឡើងដោយក្រសួងបរិស្ថាន សហការ ជាមួយអង្គការអភិរក្សអន្តរជាតិCI នៅសាលាស្រុក ថ្មបាំង ខេត្ត កោះកុង។ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង អាជ្ញាធរមូលដ្ឋាន មន្រ្តី ឧទ្យានុរក្ស និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
ឯកឧត្តម សៅ សុភាព បន្ថែមថា ក្រសួងបរិស្ថានបានយក ចិត្តទុក ដាក់ក្នុងការផ្តល់ជាសម្ភារល្បាត មធ្យោបាយធ្វើដំណើរ វគ្គបណ្តុះ បណ្តាលជំនាញ បច្ចេកទេសល្បាត ចំណេះដឹងច្បាប់តំបន់ការពារ ធម្មជាតិ នីតិវិធីនៃការចាប់និងកសាងសំណុំរឿង កម្មវិធី SMART និងការប្រើប្រាស់ GPS ដើម្បីបម្រើឱ្យការអនុវត្តការងារគ្រប់គ្រង និងអភិរក្សតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងតំបន់ការពារ ធម្មជាតិទូទាំងប្រទេសផងដែរ។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានថ្លែងថា តំបន់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះ មានសក្តានុពលជាច្រើន សម្រាប់ចូលរួមបំរើដល់វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌។ ក្រៅពីតំបន់ដែលតភ្ជាប់នឹងតំបន់ការពារ ធម្មជាតិ សំខាន់ៗ នៃតំបន់ទេសភាពជួរភ្នំក្រវាញ ឧទ្យានជាតិនេះ ក៏ជាតំបន់ ដែលរក្សាបាននូវប្រភពទឹកដ៏សំខាន់សម្រាប់ការអភិរក្សវិស័យថាមពល និងជាផ្ទៃរងទឹកភ្លៀងចម្បងសម្រាប់រក្សាចរន្តទឹកបឹងទន្លេសាប។
លោកបន្តថា ជាងនេះទៅទៀត គម្របនៃព្រៃឧទ្យានជាតិនេះ ភាគ ច្រើនគ្របដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាលស្រោង ជាឃ្លាំង ដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃល្បោះ សម្បូរដោយប្រភេទ កម្រ ដែលធ្វើឱ្យឧទ្យានជាតិនេះ កាន់តែមានតម្លៃសម្រាប់ការអភិរក្ស និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តាមការអភិវឌ្ឍវិស័យថាមពល ការ លក់ ឥណទានកាបូន និង វិស័យទេសចរណ៍ធម្មជាតិ ដែល យុទ្ធសាស្រ្ត ប្រកបដោយនិរន្តរភាព នៃធនធានធម្មជាតិ និងបរិស្ថាន។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើត ឧទ្យាន ជាតិជួរភ្នំក្រវាញកណ្តាលនេះឡើងតាមរយៈអនុក្រិត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឧទ្យានជាតិជួរភ្នំ ក្រវាញ កណ្តាល នៅក្នុងខេត្តចំនួន៣រួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដែលជាទីជម្រកនៃពពួកប្រភេទទទួលរងការ គម្រាមកំហែង និងប្រភេទមានដោយកម្រជាសកល ដែលមាន រហូតជាង៥០ប្រភេទ ជាតំបន់ដែលរក្សាបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។ ប្រភេទសត្វទាំងនោះរួមមានៈ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្ពុជ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទ ឈើកម្រផ្សេងៗទៀត ដូចជាស្រល់ជាដើម។
សូមបញ្ជាក់ថា ទេសភាពជួរភ្នំក្រវាញ ជាពិសេសឧទ្យានជាតិ ជួរ ភ្នំក្រវាញកណ្តាល គឺជាតំបន់ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងពិភពលោក។ព្រៃឈើដ៏ធំនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ ជួយគ្រប់ គ្រងសីតុណ្ហភាព និងទឹកភ្លៀង ។ដូច្នេះហើយវាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ការថែរក្សាសន្តិសុខទឹកសាបសម្រាប់ប្រជាជនមួយចំនួនធំ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន កំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងនោះរដ្ឋបាលខេត្តទាំង៣ មានខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ និងអង្គការអភិរក្សអន្តរជាតិ CI ដើម្បីពង្រីកការងារគ្រប់គ្រងធនធានធម្មជាតិនៅ ក្នុងតំបន់កាន់ តែប្រសើរ៕ដោយ៖ង៉ាន ទិត្យ