រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ប្រទេសជាច្រើន បានប្រើប្រាស់ការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ប្ដូរយ៉ាងគំហុក ដែលប្រទេសជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះយ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជា។ ប្រមុខការទូតកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅទី០៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ប្រាក់ សុខុន បន្តថា ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់គម្រូវីរភាពរបស់ស្ត្រីកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ខណៈដែលបច្ចុប្បន្ន កម្ពុជា មានកងកម្លាំងស្ត្រីជាង ១៥% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស និងយេមែន ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើដល់មន្ត្រីក្រក្រសួងការបរទេស យកចិត្តទុកដាក់លើចំណុចមួយចំនួន ដើម្បីឆ្លើយតបទៅនឹងប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលក្នុងនោះរួមមាន៖ បន្តលើកទឹកចិត្ត និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំនៅគ្រប់កម្រិត, បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រសួង។ លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ តាមរយៈវគ្គបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស និងលើកទឹកចិត្តឲ្យបន្តសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ តាមដានការវិវត្តនៃសភាពការណ៍នៅក្នុង និងក្រៅប្រទេស ធ្វើការវិភាគ វាយតម្លៃ និងព្យាករណ៍ ដើម្បីកំណត់ជំហររបស់កម្ពុជាឲ្យបានត្រឹមត្រូវសំដៅការពារផលប្រយោជន៍ជាតិ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner