សម្តេចតេជោ ហ៊ុន សែន៖ កម្មករមួយចំនួននៅកម្ពុជា អត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករមួយចំនួននៅកម្ពុជាអត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានទទួលនូវរបាយការណ៍ពីសហជីពមួយ ដែលបានសំណូមពរពាក់ព័ន្ធរោងចក្រព្យួរការងារ ហើយសម្ដេច បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ និងអន្តរាគមន៍បន្ទាន់រួចហើយ។
ជាមួយគ្នានេះ សម្តេច ក៏បានលើកឡើងដែរថា ពេលកូវីដ-១៩ ផ្ទុះឡើង មានកម្មកររាប់លានដាក់អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេច បញ្ជាក់ថា កម្មករមួយចំនួននៅកម្ពុជា អត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ។
សម្តេចតេជោ បានបន្ថែមថា លុយធ្វើបាតុកម្មនោះបានមកពីណា? ចែកដល់បាតុករកន្លែងណា? ក៏សម្តេចដឹងដែរ, កម្ពុជា មិនល្ងង់ទេ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ