អាល្លឺម៉ង់ព្រមានចិនពី «ផលវិបាក» ប្រសិនបើក្រុងប៉េកាំងផ្គត់ ផ្គង់ អាវុធទៅរុស្ស៊ី

បែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សុលហ្ស៍ បានព្រមាន ចិន អំពី «ផលវិបាក» ប្រសិនបើក្រុងប៉េកាំងផ្គត់ផ្គត់អាវុធឱ្យរុស្ស៊ីដើម្បី យកទៅប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈបង្ហាញពីសុទិដ្ឋិនិយម ថាចិនបដិសេធមិនធ្វើដូច្នេះ។
ការព្រមានរបស់លោក សុលហ្ស៍ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍មួយជា មួយ បណ្ដាញព័ត៌មានអាមេរិក CNN ដែលចេញផ្សាយកាលពី ថ្ងៃអាទិត្យនិងប្រមាណពីរថ្ងៃ ក្រោយអធិការបតីរូបនេះជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

លោកថ្លែងនៅពេលសួរពីទណ្ឌកម្មប្រឆាំងចិនក្នុងករណីដែលប្រទេសនេះជួយរុស្ស៊ីផ្នែកយោធា យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវានឹងមាន ផល វិបាក ប៉ុន្តែឥឡូវនេះ យើងស្ថិតក្នុងដំណាក់កាលមួយដែលយើងកំពុង បញ្ជាក់យ៉ាងច្បាស់ថាវាមិនគួរកើតឡើង ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងទទួលបានជោគជ័យជាមួយនឹងសំណើរបស់យើងចំពោះករណីនេះ។ ប៉ុន្តែយើងនឹងត្រូវពិនិត្យមើលវា ហើយយើងត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ណាស់»។

ទោះជាយ៉ាងណាក៏ដោយ លោក សុលហ្ស៍ មិនបានបញ្ជាក់ពី «ផលវិបាក» បែបណា ឬអ្វីឱ្យច្បាស់នោះទេ។តែសូមរំឭកថា អាល្លឺម៉ង់ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប ហើយ ចិនជាដៃគូ ពាណិជ្ជកម្មធំបំផុតតែមួយរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានបង្កើនការព្រួយបារម្ភរបស់ខ្លួន ជុំវិញពីលទ្ធភាពដែលថាចិនកំពុងពិចារណាផ្ដល់ជំនួយសព្វាវុធឱ្យរុស្ស៊ី។ សហរដ្ឋអាមេរិកថែមទាំងបានព្រមានថា ប្រសិនបើចិនហ៊ាន ធ្វើដូច្នេះ នោះនឹងជួបនូវផលវិបាកដែលប្រទេសមិនចង់ជួប ខណៈ ក្រុងប៉េកាំងវិញបានច្រានចោលការអះអាងនេះយ៉ាងដាច់អហង្ការ។
មុនដំណើរទស្សនកិច្ចទៅអាមេរិកដើម្បីជួបជាមួយលោក បៃដិន កាលពីសប្ដាហ៍មុន លោក សុលហ្ស៍ បានជំរុញឱ្យក្រុងប៉េកាំង ចៀស វាងការបញ្ជូនអាវុធ ហើយជំនួសមកវិញនូវឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធរុស្ស៊ីឱ្យដកទ័ពចេញពីអ៊ុយក្រែន។

ដោយឡែក កាលពីថ្ងៃអាទិត្យ លោក សុលហ្ស៍ បានអះអាងថា ប្រទេសចិនបានប្រកាសថា ខ្លួននឹងមិនផ្គត់ផ្គង់ដល់ប្រទេស រុស្ស៊ីនូវសព្វាវុធសម្រាប់សង្គ្រាមឈ្លានពានអ៊ុយក្រែននោះទេ ដោយលើកឡើងថា ទីក្រុងប៊ែរឡាំងបានទទួលការធានាទ្វេភាគី ពីទីក្រុងប៉េកាំងលើបញ្ហានេះ។
ការអះអាងនេះធ្វើឡើងនៅពេលលោក សុលហ្ស៍ ធ្វើសន្និសីទកាសែត ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ដែលបានប្រាប់អ្នកយកព័ត៌មានថា ប្លុកអឺរ៉ុបមិនទាន់ទទួលបាន «ភស្តុតាង» ពីសហរដ្ឋអាមេរិកជុំវិញករណីរបស់ចិននៅឡើយទេ។
អធិការបតីអាល្លឺម៉ង់ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងទាំងអស់ គ្នា(អាល្លឺម៉ង់-ចិន)យល់ស្របថា មិនគួរមានការផ្គត់ផ្គង់អាវុធនោះទេ ហើយរដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងមិនផ្តល់អ្វីឡើយ។ យើងទទូចលើរឿងនេះ ហើយយើងកំពុងតាមដានវា»៕
ដោយៈហួន ឌីណា
ប្រភព៖ Scholz warns of ‘consequences’ if China sends arms to Russia

ads banner