ឯកឧត្តម ជា ចាន់តូ៖ ស្ត្រីមិនត្រឹមតែទទួលបន្ទុកថែទាំគ្រួសារប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកជាច្រើនក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ
ភ្នំពេញ៖ បច្ចុប្បន្ន ស្ត្រីមិនត្រឹមតែទទួលបន្ទុកថែទាំគ្រួសារប៉ុណ្ណោះទេ តែ ថែមទាំងបានរួមចំណែកជាច្រើនក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកនយោបាយការងារ សង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រី មានប្រាជ្ញា ស្មារតី និងតស៊ូអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា នៅគ្រប់កាលៈទេសៈ ទាំងអស់ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ។
ក្នុងឱកាសនេះ ឯកឧត្តម ជា ចាន់តូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកធនាគារជាតិ នៃកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាបំពេញការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានរួមចំណែកកសាងសមិទ្ធផលជូន ធនាគារជាតិនៃកម្ពុជា ជាពិសេសបានរួមចំណែកកសាង ប្រព័ន្ធធនាគារ នៅកម្ពុជាឲ្យមានការរីកចម្រើន និងទទួលបានការគាំទ្រ និងជំនឿទុកចិត្តពី សាធារណជនជាតិ-អន្តរជាតិជាលំដាប់ ។ ទាំងនេះជាសមិទ្ធផលរួម និង ជោគជ័យរួមរបស់យើងទាំងអស់គ្នា ។
ឯកឧត្តម ជា ចាន់តូ បានបន្តថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា មានមន្រ្តី បុគ្គលិកជានារី ប្រហាក់ប្រហែលនឹងមន្ត្រីបុគ្គលិកជាបុរស ក្នុងនោះមន្រ្តី បុគ្គលិកជានារីមានចំនួន ៩២៩នាក់ នៃមន្រ្តីបុគ្គលិកសរុបទូទាំង ប្រទេស ចំនួន ១.៨៨៣នាក់ ។ ចំនួននេះបញ្ជាក់ថា សមាមាត្រមន្ត្រីជាស្តី្រ ចាប់តាំង ពីថ្នាក់ទេសាភិបាលរង ដល់មន្រ្តីបុគ្គលិក បានកើនដល់ជាង ៤៩ភាគរយ នៃចំនួនសរុប ក្នុងនោះ ចំនួនស្តី្រចាប់ពីថ្នាក់ការិយាល័យឡើង បានកើន ឡើងដល់ ៣០ភាគរយនៃចំនួនស្រ្តីសរុប ។ ស្តី្រនៅធនាគារជាតិនៃកម្ពុជា ភាគច្រើនទទួលខុសត្រូវលើការងារដឹកនាំនិងគ្រប់គ្រងការងារជំនាញបច្ចេកទេស និងការងារប្រតិបត្តិការជាដើម ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត