ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពីធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត»

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ នៅចំណុចសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ក្នុងគោលបំណងជំរុញលើកតម្លៃនិងផ្សព្វផ្សាយ សក្កានុពលទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងអស់ ដែលនៅតាមដងទន្លេឱ្យចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ដែលពិធីបុណ្យទន្លេនេះ នឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជា៖ ផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ ការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់កីឡាករ និងកីឡាការនីជាតិ-អន្តរជាតិ ។

នៅក្នុងសារលិខិតអបអរពិធីបុណ្យទន្លេលើកទី៧ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិតជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រុំនូវ វប្បធម៌ និងអរិយធម៌ ។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្សនិងរស់នៅដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទន្លេ ជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។

ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្ន ដោយស្មោះត្រង់និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែ មួយ។ ទន្លេក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាពសាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាននិងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម។

សម្តេច បន្តថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ យកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវទន្ទឹមនឹងនេះ ព្រឹត្តិការ ណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និង ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ជាពិសេសទេស ចរណ៍តាមនាវា(River-Cruise)និងសហគមន៍ទេសចរណ៍តាមដងទន្លេ ជាដើម។

ក្នុងន័យនេះ ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត» គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុ ជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានការការពារនិងអភិរក្សធន ធានធម្មជាតិដោយឈរលើការប្ដេជ្ញាចិត្ត រួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ននិង ទៅអនាគត។

តាមពិតខេត្តកំពង់ធំ មិនមានទន្លេឆ្លងកាត់នោះទេ មានតែស្ទឹងសែន គឺជាស្ទឹងមួយ ដែលមានប្រភពដើម មកពីខ្ពង់រាបខេត្តព្រះវិហារ ហូរកាត់ខេត្តកំពង់ធំ ចាក់ចូលបឹងទន្លេសាបមានប្រវែងសរុប ៥២០ គីឡូម៉ែត្រ។ ស្ទឹងនេះទៀតសោតបានផ្តល់អត្ថប្រយោជន៍ច្រើនអនេកដល់ប្រជាជនដែលរស់នៅតំបន់នោះ ក៏ដូចជាប្រជាជនក្នុងក្រុងស្ទឹង សែនខេត្តកំពង់ធំតែម្តង ដូចជាផ្តល់ទឹកសម្រាប់ធ្វើមុខរបរកសិកម្ម ដំណាំស្រូវ ដំណាំចម្ការ ខួបប្រាំងខួបវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារជាប្រចាំថ្ងៃ។ ជា ពិសេសស្ទឹងសែនក៏ជាផ្លូវគមនាគមន៍ផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅក្នុងខេត្តទៀតផង ។

សូមបញ្ជាក់ថា បុណ្យទន្លេ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បង្កើតឡើង និងរៀបចំធ្វើជាលើកដំបូងនៅឆ្នាំ២០១៥ ដើម្បីពង្រីកសក្ដានុពលទេសចរណ៍និងការទាក់ទាញទេសចរណ៍ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀតមកប្រទេសកម្ពុជា។ ពិធីបុណ្យប្រចាំឆ្នាំ នឹងត្រូវជ្រើសរើសយកខេត្តផ្នែកខាងលើនៃទន្លេមេគង្គ ដើម្បីនាំទេសចរឲ្យទៅកាន់ទីនោះកាន់តែច្រើន។

រាជរដ្ឋាភិបាល រៀបចំពិធីបុណ្យទន្លេ ដើម្បីបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេ ប្រកបដោយនិរន្តរភាព តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ។ ការរៀបចំពិធីបុណ្យទន្លេនេះឡើង ក៏ដើម្បីចូលរួមអភិវឌ្ឍន៍ផលិតផលទេសចរ ដោយផ្តោតទៅលើធនធានធម្មជាតិ នៅតាមដងទន្លេមេគង្គ សេដ្ឋកិច្ច វប្បធម៌ និង សង្គមផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសនៅជាប់ទន្លេមេគង្គ ព្រមទាំងសម្រួលដល់ការធ្វើដំណើរនិងបណ្តុះបណ្តាលធនធានមនុស្សរស់នៅតាមដងទន្លេមេគង្គផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner