លោក ចូ បៃដិន ប្តេជ្ញាការពារប្រព័ន្ធធនាគារ ក្រោយធនាគារធំៗនៅក្នុងសហរដ្ឋអាមេរិកដួលរលំជាបន្តបន្ទាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះ នឹងឡើងថ្លែងសន្ទរកថាស្តីពីវិបត្តិធនាគារ ដែលនាំឱ្យនិយតករអាមេរិកឈានជើងចូល ជាមួយនឹងវិធានការសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ក្រោយការដួលរលំ នៃធនាគារ Silicon Valley Bank (SVB) និងធនាគារ Singnature Bank (SB) ដែលបានគំរាមកំហែងទៅជាវិបត្តិរីករាលដាលទ្រង់ទ្រាយធំ។

លោក បៃដិន កាលពីថ្ងៃអាទិត្យម្សិលមិញ បានណែនាំអំពីបទប្បញ្ញត្តិថ្មីនៃធនាគារធំៗ បន្ទាប់ពីការបរាជ័យដ៏ធំបំផុតរបស់ធនាគារអាមេរិកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ប៉ុន្តែប្រឈមមុខនឹងសភាដែលបែកបាក់គ្នា ដែលទំនងជាមិនអនុម័តច្បាប់ថ្មីដែលតឹងរ៉ឹងជាងនេះទេ។

ទោះបីជាយ៉ាងណា ក្រុមសេដ្ឋកិច្ចរបស់លោក បៃដិន បានធ្វើការជាមួយនិយតករកាលពីចុងសប្តាហ៍លើវិធានការនេះ ដែលរួមមានការធានាប្រាក់បញ្ញើនៅក្នុងធនាគារទាំងពីរ, ការបង្កើតកន្លែងថ្មីដើម្បីផ្តល់ឱ្យធនាគារនូវលទ្ធភាពទទួលបានមូលនិធិសង្គ្រោះបន្ទាន់ និងផ្តល់ភាពកាន់តែងាយស្រួលដល់ធនាគារ ក្នុងការខ្ចីប្រាក់ពីធនាគារកណ្តាលក្នុងគ្រាអាសន្ន។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនអាមេរិក និងអាជីវកម្មអាមេរិកអាចមានទំនុកចិត្តថា ប្រាក់បញ្ញើក្នុងធនាគាររបស់ពួកគេនឹងនៅទីនោះ (ធនាគារ) នៅពេលដែលពួកគេត្រូវការពួកវា។ ហើយលោកប្តេជ្ញាយ៉ាងមុតមាំថា នឹងចាត់វិធានការលើអ្នកបង្កភាពរញ៉េរញ៉ៃនេះឱ្យទទួលខុសត្រូវទាំងស្រុង ក៏ដូចជាបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការពង្រឹងការត្រួតពិនិត្យ និងបទប្បញ្ញត្តិនៃធនាគារធំៗ ដើម្បីកុំឱ្យយើងជួបបញ្ហានេះម្តងទៀត។

គួរបញ្ជាក់ថា Silicon Valley Bank (SVB) ដែលជាធនាគារពាណិជ្ជដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានដួលរលំភ្លាមៗកាលពីថ្ងៃទី១០ ខែមីនានេះ ក្រោយប្រកាសថា ខ្លួនបរាជ័យក្នុងការកៀរគរទុនប្រមាណជាង២ប៊ីលានដុល្លារ ដើម្បីមកបំពេញតារាងតុល្យការ ( balance sheet) ដែលកំពុងខ្វះខាតសាច់ប្រាក់។ ធនាគារនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៩ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រហែលជាង ១៧៥ប៊ីលានដុល្លារ។ ធនាគារនេះ មានសាខាចំនួន ១៧ នៅរដ្ឋ California និងរដ្ឋ Massachusetts៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner