ខេត្តចំនួនបួន នៃប៉ែកពាយព្យប្រទេស នឹងត្រូវបង្កើតទៅជាប៉ូលសេដ្ឋកិច្ចទី ៤​

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជ្រើសរើសនិងកំណត់យកខេត្តចំនួនបួន គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បង្កើតទៅជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនវិស័យកសិកម្ម និងម​ច្ឆាជាតិ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក្នុងខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា គម្រោងបង្កើតប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរវាង សម្ដេច និងប្រធានាធិបតីចិនឯកឧត្តម ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ពីព្រោះខេត្តទាំងបួនខាងលើ ស​ម្បូរទៅដោយស្រូវ និងត្រី។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ខេត្តទាំងបួននេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរ ដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក។

ឯកឧត្តម សុខ លូ  អភិបាលខេត្តបាត់ដំបង បានលើកឡើង​ថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលដាក់បញ្ចូលខេត្តបាត់ដំបង ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ និ​ងជាខេត្តរបៀងត្រី និងស្រូវ ស័ក្តិសមទៅនឹងខេត្តដែលមានសក្ដានុពលផ្នែកវិស័យកសិកម្ម។

ឯកឧត្តមបានប្រាប់ថា​ ៖ «បច្ចុប្បន្នផលិតផលកសិកម្មនៅមានចំណុចខ្វះខាតនៅឡើយ គឺខ្វះខាតក្នុងការកែច្នៃ ដូចនេះខេត្តបាត់ដំបងត្រូវការអ្នកវិ​និយោគដែលពាក់ព័ន្ធនឹងផ្នែកកែច្នៃផលិតផលកសិកម្មដូចជាពោត ស្វាយជាដើម ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាក្នុងការនាំចេញទៅក្រៅ​ប្រទេស ព្រោះខេត្តបាត់ដំបង នាពេលអនាគតនឹងមានផ្លូវថ្នល់ខ្វាត់ខ្វែងដែលតភ្ជាប់ទៅនឹងខេត្តសំខាន់ៗ ក៏ដូចជាច្រកទ្វារអន្តរជាតិសំខាន់ៗជាច្រើនទៀត»។

ចំណែក លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភកម្ពុជា ក៏​បាន​ថ្លែងឱ្យដឹងដែរថា ​តាមពិតទៅប៉ូលសេដ្ឋកិច្ចសម្រាប់ខេត្តទាំងបួននេះ គឺមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែការកំណត់ឱ្យវាទៅជាប៉ូលសេដ្ឋកិច្ចពេញលេញ គឺមិនទាន់បានធ្វើនៅឡើយ។ ដូច្នេះ អ្វីដែ​លប្រមុខនៃរាជរដ្ឋាភិបាលបានលើកឡើង គឺជាការយកចិត្តទុកដាក់នូវឧត្តមភាពនៃការប្រកួតប្រកួតប្រជែងរបស់តំបន់។

លោកបានបញ្ជាក់ដូច្នេះថា ៖ «ជាក់ស្តែង យើងឃើញនៅតំបន់ខេត្តពោធិ៍សាត់ បាត់ដំបង  បន្ទាយមានជ័យ និងប៉ៃលិន គឺជាតំបន់ដែលមានសក្តានុពលទៅដល់វិស័យកសិកម្ម ដែលយើងឃើញមានបីប្រភេទ ដូចជាដំណាំស្រូវ ជលផល  និងដំណាំឧស្សាហកម្ម។ ក្នុងនោះយើងឃើ​ញតំបន់ខ្លះជាតំបន់ភ្នំ​ តំបន់ខ្លះក៏ទំនាប និងមានតំបន់បឹងទន្លេសាប ដែលទាំងនេះ ធ្វើឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ប្រែកក្លាយទៅជាឯកទេ​សកម្ម»។

ទោះជាយ៉ាងណាលោកថា ការកំណត់យកខេត្តទាំងបួននេះ ជាប៉ូលសេដ្ឋកិច្ច មិនមែនជួយឱ្យវិស័យកសិកម្មរបស់កម្ពុជាទាំងមូលល្អប្រសើរនោះ​ទេ​ ប៉ន្តែជាគោលដៅ គឺលើកម្ពស់ទិន្នផលសិកម្ម និងចំណូល សម្រាប់ជាតិឱ្យបានច្រើនជាងមុន។ រីឯកសិកម្មទាំងមូល គឺក្រសួងជំនាញត្រូ​វពិនិត្យមើល និងអនុវត្តទៅតាមតំបន់ នានានៅទូទាំងប្រទេស ទើបវាអាចលូតលាស់ទៅមុខលឿន។

ជាមួយគ្នានេះលោក​ស្នើ​ឱ្យរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វ និងដំណាំដាំដុះដែលកម្ពុជាតែងតែនាំចូលពីក្រៅប្រ​ទេសជិតខាងដូចជាមកពីប្រទេសវៀតណាម និងប្រទេសថៃ ក្នុងមួយថ្ងៃៗប្រមាណពី​​ ៣០ ទៅ ៤០ តោន។ ដូច្នេះ ការដាំដុះ និងចិញ្ចឹមសត្វនេះ  ដើម្បីទប់ស្កាត់ការនាំចូល និងរួមចំណែកជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ និងចំណេញសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកា​លពីកន្លងទៅ ក៏បានដាក់ចក្ខុវិស័យប្រែក្លាយតំបន់ភូមិភាគឦ​សាន ទៅជាប៉ូលសេដ្ឋកិច្ចទី ៤ ផងដែរ ដោយគ្របដណ្តប់នៅក្នុង​ខេត្តរតនគិរី ម​ណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ ព្រោះ​ជាតំបន់កសិឧស្សាហកម្ម និងជាតំបន់អភិ​វឌ្ឍន៍​ធនធានរ៉ែ៕ ដោយ៖យុទ្ធ វីរៈ

ads banner