រុស្ស៊ី ចិន និងអ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធជើងទឹកត្រីភាគីនៅឈូងសមុទ្រអូម៉ង់

មូស្គូ៖ ក្រសួងការពារជាតិចិនបានរាយការណ៍នៅថ្ងៃទី១៥ ខែមីនានេះថា រុស្ស៊ី ចិន និងអ៊ីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកត្រីភាគីមួយ មានរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងស្វែងរកការពង្រឹងសន្តិសុខកងទ័ពជើងទឹករបស់ប្រទេសទាំងបី។

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ល្បែងសង្គ្រាម (wargames) ដែលមានឈ្មោះថា “Security Bond-2023” រវាងប្រជាជាតិទាំងបី ត្រូវបានធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមីនាខាងមុខ ហើយប្រទេសដែលមិនបានបញ្ជាក់ឈ្មោះមួយចំនួនទៀតក៏បានចូលរួមផងដែរ។

បើតាមក្រសួងការពារជាតិចិន សមយុទ្ធខាងលើនេះនឹងជួយឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសបី កាន់តែស៊ីជម្រៅ និងបង្ហាញបន្ថែមទៀតនូវឆន្ទៈ និងសមត្ថភាពក្នុងការរួមគ្នាថែរក្សាសន្តិសុខដែនសមុទ្រ។ បន្ថែមលើនេះ វាក៏នឹងដាក់បញ្ចូលថាមពលវិជ្ជមានទៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

គួររម្លឹកផងដែរថា កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យគូ បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានឈានដល់កម្រិតថ្មីមួយ ដោយភាពជាដៃគូនេះ បានដើរតួជាការរារាំងដ៏សំខាន់មួយ ចំពោះសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner