តេជោសែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប នៃការផ្លាស់ប្តូរ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងរាជរដ្ឋាភិបាល គឺជាគណបក្សតែមួយគត់ ដែលបានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។

កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ ដែលបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជាតិ, មនុស្សស្លាប់ច្រើនលាននាក់, និងប្រទេសជាតិទាំងមូលធ្លាក់ក្រោមចំណុចសូន្យ ក្នុងអតីតកាលគ្រប់គ្រង ដោយរបបកាប់សម្លាប់ខ្មែរក្រហម ប៉ុន្តែគឺគណបក្សប្រជាជនកម្ពុជាទេ ដែលបានធ្វើការតស៊ូជួយរំដោះប្រទេសរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម, ជួយប្រទេសឱ្យអស់សង្គ្រាមស៊ីវិល និងមានសន្តិភាពពិតប្រាកដ និងថែមទាំងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រុងរឿងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍សំណេះសំណាល នៃឱកាសចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាថ្ងៃទី១៦ ខែមីនា បានមានប្រសាសន៍ប្រាប់និស្សិតយ៉ាងនេះ។

ប៉ុន្តែច្រើនឆ្នាំកន្លងមកនេះបន្ទាប់ពីប្រទេសបានអស់សង្គ្រាម និងមានសន្តិភាពសាឡើងវិញ មានក្រុមធ្វើនយោបាយប្រឆាំងបានព្យាយាមចង់នាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមថ្មី ក្រោមពាក្យស្លោកនៃការផ្លាស់ប្តូរ។

សម្តេចតេជោបានថ្លែងថាការផ្លាស់ប្តូររបស់គេនោះ គឺសំដៅលើការផ្លាស់ប្តូររបបដឹកនាំដែលសម្តៅឱ្យប្រទេសកាន់តែរងទុក្ខវេទនាតែប៉ុណ្ណោះ។ សម្តេចតេជោបានថ្លែងគណបក្សប្រជាជនកម្ពុជារយៈពេលជាង៤០ឆ្នាំមកនេះ បានធ្វើការផ្លាស់ប្តូរមុខមាត់ប្រទេសរបស់ខ្លួនយ៉ាងខ្លាំងក្លា និងកំពុងតែបន្តជម្រុញការនាំប្រទេសដែលមានសន្តិភាពនេះ កាន់តែក្លាយជាប្រទេសដែលកាន់តែទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួនថែមទៀត។

ក្នុងការផ្លាស់ប្តូរមុខមាត់ប្រមាណជាង២០ឆ្នាំមកនេះ, គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាចបានធ្វើឱ្យរាជធានីភ្នំពេញ មានការប្រែប្រួលជាខ្លាំង។

បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗមានចំនួន ១ពាន់៦០៣ អគារ, ក្នុងនោះអគារកម្ពស់ ពី៥ជាន់ទៅ៩ជាន់មាន៩២៦អគារ, អគារកម្ពស់១០ទៅ១៩ជាន់ មាន៤៥២អគារ, អគារកម្ពស់ ពី២០ទៅ២៩ជាន់ មាន១២០អគារ, អគារកម្ពស់៣០ទៅ៣៩ជាន់ មាន៦៥អគារ និងអគារខ្ពស់ ចាប់ ៤០ជាន់ឡើងទៅមានប្រមាណ៤០អគារ។

ads banner