ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។

សូមជម្រាបថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចសន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគសាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះស្រាយវិបត្តិកូវីដ១៩, ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយអតិផរណា គ្រោះទឹកជំនន់ ជូនដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយលើកស្ទួយមួយកម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា៕
ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner