៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៥២២ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ៥២២នាក់ ដែលថយចុះជាងពាក់កណ្តាល ធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន ។ ការឆ្លងកូវីដ-១៩ សរុបនៅអាស៊ាន កាលពីសប្តាហ៍មុន មានចំនួន ៣ពាន់ ១៩៨ ករណី ។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៩៥០ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦២ម៉ឺន ៧ពាន់ ៥០៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៥៦៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨២លានករណី, និងការស្លាប់មានជាង ៦លាន ៨១ម៉ឺននាក់ ៕

ads banner