រដ្ឋមន្ត្រីកសិកម្ម៖ ការិយាល័យអង្គការហ្វាវនៅកម្ពុជា នឹងនាំមកនូវ ទំនាក់ទំនងកាន់តែរឹងមាំ និងជំរុញកិច្ចសហការប្រកបដោយភាពឆ្នៃប្រឌិត រួមមាន ផលិតកម្ម ផលិតភាពកសិកម្ម

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបើកជាផ្លូវការការិយាល័យថ្មី របស់ខ្លួននៅក្នុងបរិវេណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងអង្គការ FAO និងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធី សម្ពោធជាផ្លូវការការិយាល័យថ្មី របស់ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីថ្ងៃទី ២០ខែមីនាឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខារប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បរិយាកាសការងារដែលអំណោយផល ព្រមទាំងទំនាក់ទំនងបច្ចេកទេសដ៏ជិតស្និទ្ធិរវាងការិយាល័យអង្គការ FAO និងប្រទេសកម្ពុជា នឹងនាំមកនូវ ទំនាក់ទំនងកាន់តែរឹងមាំ និងជំរុញកិច្ចសហការប្រកបដោយភាពឆ្នៃប្រឌិត នាពេលអនាគត។

នៅចុងឆ្នាំ ២០២៣ អង្គការ FAO ប្រចាំកម្ពុជា មានគោលបំណងចាប់ផ្តើមអនុវត្តគម្រោងថ្មីជាច្រើនជាមួយនឹង ថវិកាសរុបជាង ៦៥ លានដុល្លារអាមេរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងដៃគូដទៃទៀត។ កត្តានេះនឹងបង្កើនថវិកាប្រតិបត្តិការសរុប របស់អង្គការ FAO ប្រចាំកម្ពុជាកើន ឡើង ដល់១២០ លានដុល្លារ ដែលមានកំណើនជាង ១២០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

 ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងអំឡុងពេលកន្លងមកនេះ អង្គការ FAO បានផ្ដល់ការគាំទ្រដល់ការដោះស្រាយបញ្ហាជាអាទិភាពសម្រាប់ការ អភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាតាមរយៈជំនួយសង្គ្រោះបន្ទាន់ និងជំនួយបច្ចេកទេសក្នុងវិស័យជាច្រើន រួមមាន ផលិតកម្ម ផលិតភាពកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងព្រៃឈើ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងការ អភិវឌ្ឍន៍កសិឧស្សាហកម្មខ្នាតតូច។

លោក គីម ជុង ជីន (Jong-Jin Kim) ជាឧបការី តំណាងអគ្គនាយក និងជានាយកអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ “ទីតាំងនៃការិយាល័យអង្គការ FAO ថ្មីនេះ ដែលស្ថិតនៅក្នុងបរិវេណនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអង្គការ FAO និងក្រសួង ហើយលើសពីនេះ ខ្ញុំជឿជាក់ថា វត្តមានរបស់ការិយាល័យអង្គការ FAO ថ្មីនេះ នឹងជំរុញឱ្យមានអន្តរកម្មរវាង ពួកយើងកាន់តែប្រសើរឡើង”។

លោកបន្តថា ពិធីសម្ពោធនេះមិនត្រឹមតែជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងអង្គការ FAO និងប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏បង្ហាញ ផងដែរពីឆន្ទៈដ៏មុតមាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការសហការជាមួយអង្គការ FAO៕
អត្ថបទ៖ ម៉ាដេប៉ូ រូបភាព៖ ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner