នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់មតិយោបល់មួយចំនួនសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានផ្តល់មតិយោបល់មួយចំនួនសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គឺត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។

ការផ្តល់មតិយោបល់នេះ បានធ្វើឡើងនៅក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់មតិយោបល់សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ ថា ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។ ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និងជោគជ័យនៃរាល់បេសសកម្មនីមួយៗ ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃដែលរូបមានជាអាទិ៍៖ ភាពស្មោះត្រង់ ភាពក្លាហាន វិន័យ ការគារពគ្នា សីលធម៌ ភាពបត់បែន និងការអធ្មត់។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា ត្រូវលើកកម្ពស់ស្មារតីមិត្តភាព សាមគ្គីភាព តាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គល ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំផ្សេងៗរបស់គណៈកម្មការ ដឹកនាំសមយុទ្ធសំដៅធានាបាននូវសុខសុវត្ថិភាពខ្ពស់ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានរម្លឹកដល់គណៈកម្មការ ព្រមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចៀសវាងកុំឱ្យមានគ្រោះថ្នាក់ និងការភ័យខ្លាច ដែលបណ្ដាលមកពីការអនុវត្តសមយុទ្ធនេះ។

សូមជម្រាបថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ ភាគីកម្ពុជាមានចំនួន៥៨៣នាក់ និងភាគីចិនចូលរួមចំនួន២៥៧នាក់ ហើយនៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំងចូលរួមមានចំនួនសរុប៣.៧៤៣នាក់។ ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន៤៤គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ ស៊ើបការណ៍ ឧបករណ៍បន្សាបគីមី ឧបករណ៍រាវមីន និងសម្ភារបរិក្ខារសុខាភិបាលមួយចំនួនទៀត។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្លាប់បានធ្វើសមយុទ្ធនាគមាសនេះចំនួន៤ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦-២០១៨-២០១៩ និង២០២០ លើកលែងតែនៅឆ្នាំ២០១៧ត្រូវអាក់ខានដោយសារការ ជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងក្នុងឆ្នាំ២០២១-២០២២ អាក់ខានដោយសារការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩៕
ដោយ៖ពលជ័យ
រូបភាព​៖Freshnews

ads banner