សហគមន៍ចាប៉ីអមតៈ ចុះផ្សព្វផ្សាយបង្រៀនដោយផ្ទាល់ និងដោយចល័តពីចាប៉ីដងវែង

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ លោក ពេជ្រ សារ៉ាត ជាមនុស្សតែម្នាក់ក្នុងចំណោម សិស្សចាប៉ីដង វែង ទាំងប្រាំនាក់ របស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានក្លាយ ជា គ្រូបន្តវេនអាជីពមួយនេះ។ លោកបានបង្កើតសហគមន៍ចាប៉ីអមតៈ សម្រាប់បង្រៀនដល់យុវជនមួយក្រុម ដែលស្រឡាញ់ចាប៉ីដងវែង។

សហគមន៍ចាប៉ីអមតៈ បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ។ មុនពេលចាប់ ផ្ដើមបង្កើតសហគមន៍នេះឡើង គឺក្នុងឆ្នាំ២០០៣ លោក ពេជ្រ សារ៉ាត គឺជាសិស្សរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ រហូតដល់ឆ្នាំ ២០១២។

មូលហេតុដែលបង្កឱ្យកើតមានជាសហគមន៍ នេះឡើង លោក ពេជ្រ សារ៉ាត ដែលជាស្ថាបនិក និងជាប្រធានរបស់សហគមន៍ចាប៉ីអមតៈនេះ បានប្រាប់ថា ៖ «ខ្ញុំ និងសិស្សផ្សេងទៀត នឹកឃើញថា ចាប៉ីយើងមិនទាន់មានក្រុម មិនទាន់មានព័ត៌មានអ្វីដែលផ្ដល់ជូនអ្នកចូលចិត្តចាប៉ី ហើយក៏មិនទាន់ បានពង្រឹងសិល្បករ ក៏ដូចជាអ្នកស្នេហ៍វិស័យចាប៉ីដងវែងនេះដែរ»។

លោកបន្តថា ដូច្នេះលោកក៏មានគំនិតផ្ដួចផ្ដើមដោយខ្លួនលោកផ្ទាល់ ហើយក៏ទទួលបានការជ្រោមជ្រែងពីអង្គការសិល្បៈខ្មែរអមតៈ យើងក៏បាន បង្កើតក្រុមមួយដែលមានឈ្មោះថា សហគមន៍ចាប៉ីអមតៈនេះឡើងតែម្តង»។

លោក ពេជ្រ សារ៉ាត បានបន្តឱ្យដឹងថា សហគមន៍នេះមានបេសកកម្មដូចជា ការចុះផ្សព្វផ្សាយ ការបង្រៀនដោយផ្ទាល់ និងដោយចល័ត។ ក្រៅពីនេះ ក៏មាន ការចូលរួមសម្ដែង ការធ្វើបទបង្ហាញនៅតាម សាលាផ្សេងៗផងដែរ។ គោលបំណងរបស់សហគមន៍ គឺចង់ឱ្យប្រជាពលរដ្ឋ ខ្មែរឈប់យល់ច្រឡំបន្ត ទៀតលើទស្សនៈមួយចំនួនដែលលើកឡើងថាការរៀនចាប៉ី គឺធ្វើឱ្យខ្វាក់ ភ្នែក។

ចាប៉ឺដងវែងមានអត្ថន័យសំខាន់សម្រាប់ជនជាតិខ្មែរតាំងពីដើមរៀងមក ហើយបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប់តាំងពីពេលបង្កើតសហគមន៍មកដល់បច្ចុប្បន្ន សហគមន៍ចាប៉ីអមតៈ បានទទួលសិស្សចំនួន ១៩២ នាក់ ដែលមានទាំងសិស្សបរទេស ផងដែរ។ ក្រៅពីជនបរទេស សហគមន៍ចាប៉ីអមតៈក៏ទទួលបានសិស្សជាកុមារ និងជានារីផងដែរ ដែលកុមារទាំងនោះមានអាយុក្រោម ១៥ ឆ្នាំ។

ទាក់ទិននឹងវិភាគទានសម្រាប់ថ្លៃសិក្សានេះ លោក ពេជ្រ សារ៉ាត បានឱ្យដឹងថា ដោយសារតែយើងជួលទីតាំង សហគមន៍តម្រូវឱ្យ មានវិភាគទានខ្លះដើម្បីចូលរួមទ្រទ្រង់សកម្មភាពបន្ត ប៉ុន្តែចំពោះអ្នកខ្វះ លទ្ធភាពសម្រាប់បង់វិភាគទាន ក៏អាចចូលរៀនបានដែរ»។ ចំពោះអ្នក មានលទ្ធភាព ខ្លះបង់ ៤០ដុល្លារ, ៤៥ដុល្លារ, ៦០ដុល្លារ ហើយខ្លះក៏បង់តែ២០ដុល្លារក៏មានសម្រាប់ការសិក្សារបស់ពួកគេ

លោក ពេជ្រ សារ៉ាត បានបញ្ជាក់ថា មិនមែនទាល់តែមានប្រាក់បង់ទើប អាចចូលរៀនបានទេ ទោះបីមិនមានប្រាក់បង់ក៏អាចចូលរៀនបាន ដែរ ហើយវិភាគទានដែលទទួលបានមកនេះ យើងយកទៅទិញទឹក ទិញនំសម្រាប់ក្មេងតាមសាលាដែលយើងចុះទៅបង្រៀន ព្រោះថា បើយើងចុះទៅបង្រៀន បង្រៀនតែម្ដងនោះក៏មិនសូវល្អដែរ ព្រោះថាក្មេងៗបើយើងមិនមានអ្វីឱ្យ ក៏មិនចង់រៀនដែរ។

ប្រធានសហគមន៍ចាប៉ីអមតៈ រូបនេះបានថ្លែងអំណរគុណ ដល់ ពលរដ្ឋខ្មែរដែលតែងតែស្វែងយល់ពីចាប៉ីដងវែង និងបានណែនាំកូន ចៅឱ្យសិក្សា រៀនសូត្រ ឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិដែលមានតាំង ពីបុរាណកាលមក និងបន្តតាមរយៈបុព្វបុរសតាំងពីយូរលង់ណាស់ មកហើយ។

សូមរម្លឹកដែរថាអំឡុងឆ្នាំ២០១៩លោកពេជ្រសារ៉ាតក៏បានបង្រៀនចាប៉ីមូលដ្ឋានដល់និស្សិតសរសេរនិក្ខេបបទថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ខនគែន ក្នុងប្រទេសថៃ ជំនាញតូរ្យតន្ត្រីលើប្រធានបទ «ប៉ីដងវែងខ្មែរ» ផងដែរ៕
ដោយ៖ហ៊ួន ស៊ីឡូន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner