មន្រ្តី និងអ្នកវិភាគ៖ការចូលចតនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅកម្ពុជាបង្ហាញពីកិច្ចសហការល្អផ្នែកយោធា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីរដ្ឋាភិបាល និងអ្នកតាមដានសង្គមនយោបាយ បានលើកឡើងស្រដៀងគ្នាថា  ការចូលចតនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកយោធាទាំងពីរកាន់តែប្រសើរ និងបានបង្ហាញថាកម្ពុជាស្វាគមន៍កិច្ចសហការផ្នែកយោធាពីគ្រប់ភាគីដោយមិនមានការរើសអើងឡើយ។ ការបង្ហាញទស្សនៈនេះបន្ទាប់ពីនាវាស្វ័យការពារជើងទឹកជប៉ុន (JMSDF) ឈ្មោះ KIRISAME

បានមកដល់កំពង់ផែក្រុងព្រះសីហនុក្នុងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ។

បើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែមីនាបានបញ្ជាក់ថា៖«នេះគឺជាការចូលចតនៅកំពង់ផែលើកដំបូង ដែលបានធ្វើឡើងក្នុងកំឡុងពេលសកម្មភាពបណ្តុះបណ្តាលលើនាវាសម្រាប់ក្រុមនាវិកដែលទើបបានបញ្ចប់ការសិក្សាពី the Maritime Officer Candidate School។ ក្នុងអំឡុងពេលនៃការចូលចតនៅកំពង់ផែរយៈពេលបីថ្ងៃ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងកងទ័ពជើងទឹកកម្ពុជានឹងធ្វើសមយុទ្ធសុច្ឆន្ទៈមួយចំនួនដើម្បីបង្កើនទំនុកចិត្ត និងមិត្តភាពរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ»។ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា លោកម៉ាគី តាកាអ៊ីយូគី( MAKI TAKAYUKI) មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានលើកឡើងថា ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។ លោកមេបញ្ជាការនាវា  ក៏បានអរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការសម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុននៅខេត្តព្រះសីហនុនាពេលនេះ។

ប្រភពខាងលើបញ្ជាក់ថា៖«ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹងបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត ហើយការស្នាក់នៅរបស់នាវិកនៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា»។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី បានលើកឡើងថា ការចូលចតនេះ បានធ្វើឱ្យចំណងការទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខលំហសមុទ្រផងដែរ ហើយកងនាវាស្វ័យការពាជប៉ុនបានរួមចំណែកការពារដែនសមុទ្រនៅលើពិភពលោក។ ឯកឧត្តមបន្តថា យើងពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ព

ជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរ កម្ពុជាទើបតែចាប់ផ្តើមធ្វើទំនើបកម្មខាងវិស័យយោធា តែកម្ពុជារងការរិះគន់ពីសំណាក់ មតិមួយចំនួន ហើយការធ្វើទំនើបកម្មរបស់ជប៉ុន ត្រូវបានអបអរសាទ។ លោកក៏សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ទន្ទឹមនោះលោកក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង។   ជុំវិញរឿងនេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា

ការចូលចតនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីមានការចូលចតនាវារបស់ប្រទេសបារាំង ដែលអាចវាយតម្លៃបានថា ប្រទេសកម្ពុជា គឺមានការបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដោយមិនប្រកាន់ទៅលើប្រទេសណាមួយឡើយ។ លោកថា យើងមិនបានប្រកាន់ការរើសអើងនូវប្រទេសណាមួយទេ គឺយើងតែងតែបើកទូលាយ ហើយធ្វើសមយុទ្ធនៅក្នុងវិស័យការពារជាតិនេះជាមួយគ្នា ដើម្បីជាការហ្វឹកហាត់នៅក្នុងជំនួយមនុស្សធម៌ជាដើម។ ជាមួយគ្នានេះអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ គឺលោក វណ្ណ ប៊ុណ្ណា យល់ឃើញថា សកម្មភាពនេះ បានបង្ហាញនូវកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជា

និងជប៉ុនទៅលើវិស័យការពារជាតិផងដែរ។ លោកបន្តថាការចូលចតនះ វាមិនមែនជារឿងអ្វីដែលចម្លែកនោះទេ ប៉ុន្តែវាបង្ហាញពីរូបភាពថាកម្ពុជាបានបើកលំហទៅរកកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងអស់ មិនថា ជប៉ុន ចិន ឥណ្ឌា ឫសហរដ្ឋអាមេរិកនោះទេ ក្នុងការពង្រឹងវិស័យកងទ័ពក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសពាក់ព័ន្ធផងដែរ។ លោកលើកឡើងថាតាមរយៈរូបភាពហ្នឹង គឺវាបង្ហាញអំពីការពិពិធកម្មផ្នែកវិស័យការពារជាតិរបស់កម្ពុជាទៅលើកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជប៉ុន ដែលមហាអំណាចកណ្ដាលនៅក្នុងតំបន់អាស៊ី ហើយក៏បង្ហាញអំពីតួនាទីរបស់កម្ពុជាកាន់តែសំខាន់

ក្នុងការចាប់យកទំនាក់ទំនងជាមួយបណ្ដាប្រទេសមហាអំណាចកណ្ដាល ក៏ដូចជាមហាអំណាចធំៗមួយចំនួនផ្សេងទៀតផងដែរ៕

ដោយ៖ជា សុខនី

ads banner