លោកជំទាវឧបនាយករដ្ឋមន្ត្រីអញ្ជើញសួរសុខទុក្ខវីរនារីដោះមីនខេត្តស្វាយរៀងពីររូប
ស្វាយរៀង:
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខវីរនារីអង្គភាពដោះមីនស្វាយរៀងចំនួនពីររូប។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរ សុទទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់នារីដោះមីនទាំងពីររូប ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកជំទាវបានកោតសសើរដល់វីរនារដោះមីន និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីទាំងពីររូប ដែលមានស្នាដៃល្អ និងបានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីននៅខេត្តស្វាយរៀងកន្លងមក។ បន្ទាប់មក លោកជំទាវក៏ បានប្រគល់ផ្ទះ មួយខ្នង និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀល រួមជាមួយសម្ភារ:ប្រើប្រាស់មួយចំនួន ជូន លោកស្រី គង់ សារឿន បច្ចុប្បន្នស្នាក់នៅ ភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និង ជូន ថវិកាចំនួន ២លានរៀល រួមជាមួយ សម្ភារៈប្រើប្រាស់មួយចំនួន ដល់ លោកស្រី អ៊ុង យឿន បច្ចុប្បន្នស្នាក់ នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះលោកស្រី គង់ សារឿន និង លោកស្រី អ៊ុង យឿន បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរអំពីសុខទុក្ខ និងបានជួយដោះស្រាយការលំបាកដល់គ្រួសារគាត់ទាំងពីរ ៕
ដោយ:ថេត វិចិត្រ

