ប្រធានអាស៊ាន២០២៣ស្នើសុំការគាំទ្រពីកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលធ្វើឡើងនៅខែកញ្ញាខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឥណ្ឌូនេស៊ីក្នុងនាមប្រធានអាស៊ានឆ្នាំ២០២៣នេះ​ បានស្នើសុំការគាំទ្រពីកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានដែលនឹងប្រព្រឹត្តនា​ខែកញ្ញា​​ ខាងមុខនេះ​ ព្រមទាំងអញ្ជើញប្រមុខដឹកនាំ និងរដ្ឋមន្ត្រី​សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំកំពូលនេះផង។ចំណែកកម្ពុជាបាន​សម្តែងការគាំទ្រដើម្បីបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគរបស់បណ្តាប្រទេសជាសមាជិកអា​ស៊ាននីមួយៗដល់តំបន់ និងពិភពលោក។​

ការស្នើសុំការគាំទ្រពីកម្ពុជារបស់ភាគីឥណ្ឌូនេស៊ីនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋ សា​រ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​​ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន(ASEAN Business Advisory Council-ASEAN BAC) ដែលដឹកនាំដោយលោក Arsjad Rasjid ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធាន ASEAN-BAC ឆ្នាំ២០២៣ ​នា​ថ្ងៃទី៣ ខែមេសា​នាទីស្តីការក្រសួង​។​

យោងតាម​ក្រសួងពាណិជ្ជកម្មក្នុងជំនួបនោះ លោក Arsjad Rasjid ​បានលើកឡើងពីការងារអាទិភាព និងគំនិតផ្តួចផ្តើមផ្សេងៗ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ ដែលឥណ្ឌូនេស៊ីជាប្រ​ធានអាស៊ាន ​ផ្តោតលើកិច្ចការអាទិភាពធំៗចំនួន៥។

កិច្ចការអាទិភាពទាំងនោះមាន​ បរិវត្តកម្មឌីជីថល, ​ការអភិវឌ្ឍប្រកបដោយចីរភាព,​ សន្តិសុខស្បៀងអាហារ,​ភាពធន់នៃប្រព័ន្ធសុខាភិបាល និង​កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។​

ឆ្លៀតឱកាសនោះដែរ​​ លោក Arsjad Rasjid បានជម្រាបភាគីកម្ពុជាពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានដែលជាកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ ដែលគ្រោងប្រព្រឹត្តទៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដែលឥណ្ឌូនេស៊ីស្នើសុំការគាំទ្រពីភាគីកម្ពុជាលើរឿងនេះ។ លោកថា ជាពិសេសធ្វើការការអញ្ជើញប្រមុខដឹកនាំ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀ​តចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។​

ជាការឆ្លើយតប​ឯកឧត្តម រដ្ឋ សារ៉ាវុធ បាន​គាំទ្រដល់ឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣ សម្រាប់ការរៀ​បចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នាខែកញ្ញា ខាងមុខ។ លោកបាន​សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ថា​ មានគោលបំណ​ងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគរបស់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗដល់តំបន់ និងពិ​ភពលោក។​ ​ឯកឧត្តម រដ្ឋ សារ៉ាវុធ បញ្ជាក់ថា  កម្ពុជាស្វាគមន៍ និងគាំទ្រការងារអាទិភាពគម្រោងនិងគំនិតផ្តួចផ្តើម​នា​នា ដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានស្នើឡើងផង ​ដោយ​ត្រូវ​ធ្វើកិច្ចសហកា​រជិតស្និទ្ធជា​មួ​យភាគីពាក់ព័ន្ធ ​ដើម្បីការងារអាទិភាពនិងគំនិតផ្តួ​ចផ្តើមផ្សេងៗស្របនឹងរបៀបវារៈ

និងចក្ខុវិស័យ ដែលអា​ស៊ានបាននិងកំពុងអនុវត្ត ជាពិសេសការអភិវឌ្ឍប្រ​កបដោយចីរភាព បរិយាបន្ន និងភាពធន់។​

ពាក់ព័ន្ធនឹងការស្នើសុំការគាំទ្ររបស់ឥណ្ឌូនេស៊ីនេះដែរ បណ្ឌិត​ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា​ នេះជាទម្លាប់នៅក្នុងរង្វង់សមាជិកអាស៊ានដែលតោងសុំការគាំទ្រដល់គ្នាទៅវិញទៅមក ដោយហេតុគោលការណ៍អាស៊ានប្រព្រឹត្តទៅដោយយន្តការកុងសង់ស៊ីស ក្នុងការសម្រេចចិត្តនានា ដែលមិនអាចអវត្តមានសំឡេងសមាជិកណាមួយបានឡើយ ដើម្បីធ្វើឲ្យកិច្ចប្រជុំនានា​ប្រព្រឹត្តទៅដោយជោគជ័យ។​

លោក​ប្រាប់​ថា ៖ «អាស៊ានជាទីផ្សារធំ និងសំខាន់មួយដែរ សម្រាប់ការវិនិយោគ ពាណិជ្ជកម្មផ្ទៃក្នុង ដែល​ក​ន្លងមកមេដឹកនាំអាស៊ានធ្លាប់លើកឡើងហើយថា អាស៊ានខំប្រឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មខាងក្រៅ ប៉ុន្តែភ្លេចយកចិត្តទុកដាក់ជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មផ្ទៃក្នុង ដែលកិច្ចប្រជុំកំពូលនេះទំនងជានឹ​ង​ជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មផ្ទៃក្នុងឲ្យបានកាន់តែសកម្ម និងស៊ីជម្រៅឡើង»។​ បណ្ឌិត គិន ភា មើលឃើញពីសក្តានុពលក្នុងភាពជាម្ចាស់ផ្ទះអាស៊ាន២០២៣ របស់ឥណ្ឌូនេស៊ី ខណៈប្រទេសនេះជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់ជាងគេក្នុងតំបន់ ជាសមាជិកក្រុមប្រទេសសេដ្ឋកិច្ចអ្នកមាន G-20

មានទឹកដីធំជាងគេ មានចំនួនប្រជាជនច្រើនជាងគេនៅអាស៊ាន ហើយថែមទាំងជាស្នាក់ការរបស់អាស៊ានផង។

លោកសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌូនេស៊ីនឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតបានដោយជោគជ័យ សម្រាប់នាំយកផលប្រយោជន៍ដល់អាស៊ានទាំងមូល ជាពិសេ​សផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner