ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ៧០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា អបអរទិវា ៨ ឧសភា ២០២៣
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ពីលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានកិត្តិយសដែលតែងតែបានរួមចំណែកជារៀងរាល់ឆ្នាំក្នុងនាមជាវិស័យឯកជនជាមួយស្ថាប័នមនុស្សធម៌ដ៏ធំ គឺកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីផ្ដល់ការឆ្លើយតបដ៏មានប្រសិទ្ធភាព ចំពោះទុក្ខលំបាកនានារបស់ប្រជាជនយើង ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អ្នកឧកញ៉ា បានបន្តថា អំណោយសប្បុរសធម៌របស់ក្រុមហ៊ុន ជីប ម៉ុង នឹងអាចរួមចំណែកជួយឲ្យកាកបាទក្រហមកម្ពុជា អាចបន្ដផ្ដល់សកម្មភាពមនុស្សធម៌ ផ្តល់ទីជម្រក អាហារ និងតម្រូវការចាំបាច់ផ្សេងទៀតដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធនសហគមន៍ ព្រមទាំងរៀបចំយុទ្ធនាការអប់រំផ្សេងៗ។ អ្នកឧកញ៉ា ជឿជាក់ថា សកម្មភាពផ្ដល់ទៅសង្គមវិញរបស់ក្រុមហ៊ុននឹងចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ និងបណ្ដុះស្មារតីចែករំលែក និងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់រូប។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានបញ្ជាក់ដែរថា ដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំនាវាកម្ពុជាប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នា មានឱកាសចូលរួមនៅក្នុងសង្គមជាតិប្រកបដោយបរិយាបន្ន។
ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០១ មក ។ លោកជំទាវ បានបន្តថា ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០១ រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបថវិកាប្រមាណជិត ៦លានដុល្លារអាមេរិក ហើយដែលក្នុងនោះថវិកាចំនួន ១លាន ២សែនដុល្លារអាមេរិក គឺបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាត់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បានចាក់ឫសនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៨២ មក និងបានពង្រីកពាណិជ្ជកម្មរហូតដល់ ១៣ ក្នុងវិស័យជាច្រើនដូចជា វិស័យសំណង់ អចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ សណ្ឋាគារ ។ល។ ទន្ទឹមនឹងនេះ ជីប ម៉ុង បាន និងកំពុងផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយសកម្មភាពអភិវឌ្ឍសង្គម និងបរិស្ថាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនប្រកបដោយនិរន្តភាព ដែលរួមចំណែកកាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ សកម្មភាពដាំដើមឈើ ការសាងសង់ស្ពាន និងផ្លូវថ្នល់ ការប្រើប្រាស់បច្ចេកវិទ្យាដែលគិតគូរដល់បរិស្ថាន និងការឧបត្ថម្ភថវិកាក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត ។
សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅកាន់ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីរបស់កាកបាទក្រហមកម្ពុជានៅធនាគារ តាមជម្រើសដូចខាងក្រោម ៖
- ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖
- គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា)
- គណនីប្រាក់រៀល 100004348127
- គណនីប្រាក់ដុល្លារអាម៉េរិក 300001709996
- ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖
- គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY
- គណនីប្រាក់រៀល 180 255 333
- គណនីប្រាក់ដុល្លារអាម៉េរិក 180 255 168 ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ