ក្រសួងការបរទេសបង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) លើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព“ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាអំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទន្លេមេគង្គ ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងសម្រាប់សុខមាលភាពនៃប្រជាជនក្នុងបណ្តាប្រទេសមេគង្គ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសមេគង្គ និងជាមួយដៃគូ ក៏ដូចជាយន្តការពាក់ព័ន្ធផ្សេងទៀត មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និងសម្រេចបាននូវការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ព្រមទាំងដើម្បីធានាថា ទន្លេមេគង្គជាទន្លេដែលមានអនាគតកាន់តែត្រចេះត្រចង់ មានវិបុលភាពរួមគ្នា និងសម្រាប់គ្រប់ប្រទេសតាមដងទន្លេ និងប្រជាជនទាំងអស់ដែលរស់នៅក្នុងអាងទាំងមូល។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីនាំមកនូវជោគជ័យធំៗបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងនូវគំនិតផ្តួចផ្ដើមថ្មីមួយស្ដីពីការរួមគ្នាដោះស្រាយគ្រាប់មិនផ្ទុះដែលនៅសេសសល់ក្នុងទន្លេមេគង្គ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតរបស់ប្រជាជនដែលកំពុងរស់នៅតាមដងទន្លេមេគង្គ។ នៅក្នុងកិច្ចប្រជុំកំពូល ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានអនុម័តសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលលើកទី៤ ដោយក្នុងនោះ៖
-ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែល MRC សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៣ក្នុងឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកាន់តែរឹងមាំក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ក្រោមទិសស្លោក “មេគង្គតែមួយ ស្មារតីតែមួយ” ដែលប្រទេសជាសមាជិកប្តេជ្ញាចិត្តរួមគ្នា។
-ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានទទួលស្គាល់នូវកាលានុវត្តភាពដែលទន្លេមេគង្គផ្តល់សម្រាប់ការអភិវឌ្ឍនិងការលូតលាស់ផ្នែកសេដ្ឋកិច្ចសង្គម និងធានា ថាសន្តិសុខទឹកជានិរន្តរ៍ គឺជាមូលដ្ឋានទ្រទ្រង់គន្លឹះដ៏សំខាន់មួយ។ តែទន្ទឹមនឹងនោះក៏បានទទួលស្គាល់ផងដែរថា ការអភិវឌ្ឍក៏អាចបង្កជាផលប៉ះពាល់ឆ្លងដែន ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ រួមបញ្ចូលទាំងផលប៉ះពាល់កើតចេញពីការប្រែប្រួលអាកាសធាតុ។
-ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងអាង និងស្នើឱ្យ MRC រួមទាំងដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ស្វែងរកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងដើម្បីចាប់យកកាលានុវត្ដភាព និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ មានតម្លាភាព បរិយាបន្ន ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការគោរពអធិបតេយ្យភាព ដោយផ្តោតលើ៖
ការស្វែងរកគម្រោងវិនិយោគរួមថ្មីៗថ្នាក់ជាតិ ដែលមានសារៈសំខាន់សម្រាប់អាងទាំងមូល តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឱ្យបង្កើតបាននូវផែនការបន្សុំាអាងទន្លេ
ការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេសមេគង្គ អាចជួយសហគមន៍ឱ្យសម្របខ្លួនទៅនឹងស្ថានភាពទន្លេដែលមានការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូនដំណឹង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន
ការគាំទ្រដល់ការធ្វើសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបតិ្តការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរជាងមុន
ការបង្កើនប្រសិទ្ធភាពនៃកិច្ចពិគ្រោះយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធ
ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូលស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោលនយោបាយបច្ចេកវិទ្យា និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គផ្សេងទៀត
ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍
ការធានាថា MRC គឺស្ថិតក្នុងអន្តរកាលប្រកបដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង នៅត្រឹមឆ្នាំ២០៣០។
-ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ តួនាទីរបស់ MRC ក្នុងការជួយធានាឱ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ទន្ទឹមនឹងនោះ ប្រមុខរដ្ឋាភិ-បាលនៃប្រទេសជាសមាជិក ក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្ម និងការសម្របសម្រួលការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងបានអំពាវនាវឱ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូ និងភាគីពាក់ព័ន្ធនានា បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ ស្របតាមសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងទន្លេមេគង្គតែមួយ ស្មារតីតែមួយ។
នៅមុនកិច្ចប្រជុំកំពូលពេញអង្គ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ក៏បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំចង្អៀត ដោយផ្តោតលើការពង្រឹងតួនាទីរបស់ MRC និងកិច្ចសហប្រតិបត្តិការតំបន់ ក៏ដូចជាការធ្វើឱ្យប្រសើរលើការចែករំលែកទិន្នន័យ និងព័ត៌មាន ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ៕
ដោយ៖ពលជ័យ
រូបភាព៖ទទក