ព្រឹទ្ធសភា នឹងពិនិត្យ ឱ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែន កម្ពុជា-ឡាវ
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០២ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
២-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ / គ្រី សម្បត្តិ + ប៊ុន ហុក