សម្តេចតេជោ ហ៊ុន សែន៖ សាសនា ជាផ្នែកមួយសំខាន់មិនអាចខ្វះបាននៅក្នុងសង្គម ខណៈសាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលនៅក្នុងសម័យ ប៉ុល ពត
ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សាសនា គឺជាផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ហើយគ្រប់សាសនាទាំងអស់ សុទ្ធតែបង្រៀនឱ្យប្រជាពលរដ្ឋប្រព្រឹត្តិអំពើល្អ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលសង្គមជាតិរីកចម្រើន សាសនាក៏បានរីកចម្រើន ហើយសាសនាក៏បានងាកមកជួយទៅដល់សង្គមជាតិវិញតាមរយៈការអប់រំ ទូន្មានប្រជាជនឱ្យប្រព្រឹត្តនូវអំពើល្អជាកុសល ដែលបានផ្តល់ផ្លែផ្កាជាវិជ្ជមានដល់សង្គមជាតិវិញផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សាសនាទាំងអស់ រួមទាំងព្រះពុទ្ធសាសនាផងដែរ ត្រូវបានលុបបំបាត់ចោលនៅក្នុងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ។
សម្តេច បញ្ជាក់ថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបសាហាវយង់ឃ្នងមកវិញ វត្តអារាម ក៏បានកើនឡើងបន្តិចម្តងៗ និងចំនួនព្រះសង្ឃក៏កើនឡើងជាលំដាប់ផងដែរ ដែលរហូតមកដល់ពេលនេះ កម្ពុជាយើងមានព្រះសង្ឃចំនួនប្រមាណជាង៥ម៉ឺនអង្គ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ