ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន៖ សុខសន្តិភាព កំពុងមានបច្ចុប្បន្ន គឺថ្នាក់ដឹកនាំបក្សបានលះបង់កម្លាំងកាយនិងជីវិតទៅប្តូរមកជូនពលរដ្ឋ និងប្រទេសជាតិ
ភ្នំពេញ ៖ ក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិក-សមាជិកាថ្មីចំនួន ៧០០នាក់ ដែលជាអតីតសមាជិកបញ្ឈប់ខ្លួនពីគណបក្សនយោបាយផ្សេងៗ មករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា សាខារាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូនសមាជិកសមាជិកាថ្មី ទាំង ៧០០នាក់ ដែលបានចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយតែងគិតគូរដល់ពលរដ្ឋ និងប្រឹងប្រែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍នានា ជូនមាតុភូមិជាតិ ដែលផ្ទុយពីគណបក្សនយោបាយ មួយចំនួន បានតែស្រែក បានតែនិយាយ ប៉ុន្តែមិនមានបានជួយអ្វីដល់ពលរដ្ឋ និងសង្គមជាតិរបស់ខ្លួននោះឡើយ ។
លោក ឆេង គឹមសេង បានថ្លែងថា អស់ ១០ឆ្នាំហើយដែលលោកចំណាយពេលវេលាខុសលើគណបក្សភ្លើងទៀន ខណៈនេះលោកបាននាំអតីតអ្នកគាំទ្របក្សនេះជាង ១៤០០នាក់ មកចុះចូលជាមួយគណបក្សប្រជាជនដោយសារការមើលឃើញពីនយោបាយត្រឹមត្រូវ និងចក្ខុវិស័យរបស់គណបក្សដ៏ធំមួយនេះ។
ឯកឧត្តមបណ្ឌិត លី សាម៉េត បានលើកឡើងថា សម្តេចតេជោ គឺជាទេវតារស់នាពេលបច្ចុប្បន្ន ដែលសម្តេចបានជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឲ្យរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ សុខសន្តិភាព កំពុងមានបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានលះបង់កម្លាំងកាយពល និងហ៊ានលះបង់ជីវិតផ្ទាល់របស់សម្តេច ដើម្បីទៅប្តូរយកមកជូនពលរដ្ឋ និងប្រទេសជាតិទាំងមូល ។ ដូច្នេះហើយ សូមអំពាវនាវអោយបងប្អូនពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភាព ដែលសម្តេចនាយករដ្ឋមន្ត្រី ខិតខំរកដោយលំបាក អោយបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន ទៅមុខទៀត ។
ជាមួយគ្នានេះដែរ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា មានសមាជិក នៅទូទាំងរាជធានីភ្នំពេញ ជាង៧០ម៉ឺននាក់ និងជាង៦លាននាក់ នៅទូទាំងប្រទេស។ ការចូលរួមជាសមាជិក របស់គណបក្សនយោបាយណាមួយនោះ ត្រូវស្វែងយល់ឲ្យបានច្បាស់ ពីប្រវត្តិរបស់គណបក្ស គោលនយោបាយមេដឹកនាំ ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់របស់គណបក្សនេះ ទើបជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ ។
ក្នុងពិធីនេះដែរ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី បានជំរុញដល់សមាជិកបក្ស ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត នៅខែកក្កដាខាងមុខ ។
ឯកឧត្តម ក៏បានស្វាគមន៍ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជា ចល័តតាមមូលដ្ឋាន ភ.ព.ព.ស នេះ ដោយសាខានេះ នឹងចុះជួយពន្យល់តាមមូលដ្ឋានក្នុងរាជធានីភ្នំពេញទាំងមូល បញ្ជៀបព័ត៌មានដល់សមាជិកប្រឆាំង ឱ្យមករួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។
ជាមួយនេះ ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនកម្ពុជា ជារៀងរហូត ដោយបក្សបានជ្រោងខ្ពស់លើទង់ស្នេហាជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យកសាងមូលដ្ឋាន និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋ នឹងគណបក្សប្រជាជនកម្ពុជា នៅជាមួយគ្នាមកដល់សព្វថ្ងៃ និងទៅអនាគត។ ដូច្នេះការបញ្ចូលសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា គឺជាមហាគ្រួសារ ក្នុងការប្រមូលជាកម្លាំងសាមគ្គីគ្នាកាន់ស្អិតរមួត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ដូចដែលប្រជាពលរដ្ឋបានឃើញស្រាប់ហើយ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ បានឈរលើមាគ៌ាច្បាស់លាស់ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត