ក្រុមគ្រួសារពលរដ្ឋ ខ្វះខាតគ្មានលទ្ធភាពធ្វើបុណ្យសពឱ្យកុមាររងគ្រោះដោយសារលង់ទឹក ទទួលបានយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ
កំពង់ធំ៖ ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពធ្វើបុណ្យសពកុមាររងគ្រោះដោយសារលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី១១មេសា ឱ្យបានសមរម្យ រស់នៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចូលរួមក្នុងពិធីបុណ្យសព នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។
តាមរបាយការណ៍របស់ក្រុមគ្រួសារសពបានបញ្ជាក់ថា លោក ធឹម សាក់ មានអាយុ ២៥ឆ្នាំ ត្រូវជាឪពុក បានទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត ដោយឡែកម្ដាយឈ្មោះ ហ៊ាន ស្រីពៅ អាយុ២៣ឆ្នាំ ត្រូវទៅប្រកបរបរជាកម្មករនៅភ្នំពេញ ហើយគ្រួសារនេះ បានលែងលះគ្នាដោយទុកកូនផ្ញើជាមួយនឹងជីដូន ដើម្បីចិញ្ចឹមបីបាច់មើលថែទាំ តែគួរឱ្យអនិច្ចា នៅពេលដែលជីដូនមានធុរៈនៅក្បែរផ្ទះអ្នកជិតខាង ហើយបានទទួលព័ត៌មានពីប្អូនៗជីដូនមួយ នៃសព ដែលទៅលេងទឹកជាមួយគ្នាថា ប្អូនស្រីអាយុ ៣ឆ្នាំ ត្រូវបានលង់ទឹកស្លាប់បាត់ទៅហើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់កុមាររីអភ័ព្វ ខ្វះភាពកក់ក្តៅ ដែលម្ដាយនិងឪពុកលែងលះគ្នាមិនបាននៅមើលថែ ហើយបានទទួលមរណៈភាពចោលជីដូនបងប្អូននិងឪពុកម្ដាយទាំងនៅក្មេងខ្ចី។ នៅក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធកុមាររី សាក់ ធីតា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា ដោយឃើញពីទុកលំបាកនេះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្នុងពិធីបុណ្យសពនៅពេលនេះរួមមាន អង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤ យួរ ត្រីខកំប៉ុងចំនួន ពីរយួរ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ប៊ុន រដ្ឋា