កម្ពុជា និង ឥណ្ឌូនេស៊ី បើកជើងហោះហើរត្រង់ឡើងវិញដើម្បីជំរុញកំណើនទេសចរណ៍នៃប្រទេសទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថានឹងបើកឲ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហ្សាការតាចាប់ពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៣ខាងមុខនេះតទៅ ដើម្បីជំរុញកំណើនការវិនិយោគ និងទេសចរណ៍នៅប្រទេសទាំងពីរឡើង ក្រោយពីវិបត្តិកូវីដ១៩ បានចាប់ផ្តើមធូរស្រាល។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងពិធីប្រកាសបើកការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃទី១០ខែមេសាកន្លងទៅនេះ បានឱ្យដឹងថា ការដាក់ឲ្យដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា។ការហោះហើរត្រង់នឹងមានភ្ញៀវទេសចរច្រើនឡើងបន្ថែមទៀត ជាពិសេសទេសចរឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាងប្រាំម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ បន្ថែមពីនេះ ការហោះហើរត្រង់ នឹងជំរុញឲ្យទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរផងដែរ។

ចំណែកឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែមេសា ថា ចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះ មិនថាតែជាមួយប្រទេសឥណ្ឌូនេស៊ីទេ តែរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន តែងតែជំរុញ និងសំណូមពរឱ្យមានការភ្ជាប់ជើងហោះហើរត្រង់ដល់អង្គទូតនានានៅរាល់ពេលមានជំនួបម្តងៗ ដើម្បីសំដៅជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្ពុជាកាន់តែមានភាពងាយស្រួល ដោយចំណេញពេលវេលា និងកាត់បន្ថយការចំណាយបានច្រើន។ជាក់ស្តែងដូចឥណ្ឌូនេស៊ីនេះ គ្រោងនឹងតភ្ជាប់ហោះហើរត្រង់ឡើងវិញ បន្ទាប់ពីអាក់ខានជាយូរមកហើយ ហើយយើងជឿថា ការតភ្ជាប់ជើងហោះហើរប្រទេសទាំងពីរឡើងវិញ ដែលគ្រោងនឹងបើកដំណើរនៅថ្ងៃទី១៩ខាងមុខនេះ នឹងជួយជំរុញបន្ថែមទៀត ទាំងភ្ញៀវទេសចរពីឥណ្ឌូនេស៊ីផ្ទាល់ និងទេសចរពីបណ្តាប្រទេសផ្សេងៗ ដែលឆ្លងកាត់ឥណ្ឌូនេស៊ី»។

បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ដដែល នៅក្នុងរយៈពេល២ខែមកនេះ ភ្ញៀវទេសចរឥណ្ឌូនេស៊ី ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៩ ក្នុងចំណោមទីផ្សារទេសចរណ៍១០ប្រទេស ដែលមកកម្សាន្តកម្ពុជាច្រើនជាងគេ។ ដូចនេះការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នឹងជំរុញកំណើនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកម្ពុជាកាន់តែច្រើនថែមទៀត។

លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានប្រាប់ឱ្យដឹងដែរថា ឥណ្ឌូនេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ាន តែកន្លងមកកម្ពុជា ធ្លាប់មានជើងហោះហើរត្រង់ជាមួយកម្ពុជាម្តងដែរ តែត្រូវបានផ្អាកវិញ។ ដូចនេះ ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងពីឥណ្ឌូនេស៊ីមកវិញ ត្រូវឆ្លងកាត់ច្រើនមួយចំនួន ដែលនាំឱ្យខាតពេលវេលា និងចំណាយច្រើន។

លោកបានបន្ថែមថា ការតភ្ជាប់ជើងហោះហើរឡើងវិញជាមួយនឹងឥណ្ឌូនេស៊ីនេះ វាមិនត្រឹមតែជួយបង្កើនលំហូរទេសចរ ពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរប៉ុណ្ណោះទេ វាថែមទាំងទាក់ទាញទេសចរដែលទៅកំសាន្តនៅកោះបាលី ឱ្យមកកាន់កម្ពុជាផងដែរ។

លោក ធួន ស៊ីណាន បានប្រាប់ថា ៖ «ចំណុចសំខាន់បំផុតនោះ គឺការភ្ជាប់ជើងហោះហើរត្រង់រវាងឥណ្ឌូនេស៊ីនេះហើយ ព្រោះគោលដៅទេសចរណ៍របស់គេនៅកោះបាលីនោះ ច្បាស់ណាស់ពិតជាភ្ជាប់ជាមួយខេត្តទេសចរណ៍របស់យើង ដូចជាភ្នំពេញ សៀមរាប ព្រះសីហនុជាដើម។ នៅពេលដែលភ្ជាប់ការហោះហើរត្រង់នេះបានហើយ មិនត្រឹមតែទេសចរឥណ្ឌូនេស៊ីទេ សូម្បីទេសចរមកពីខាងអូស្រ្តាលី ក៏យើងទាក់ទាញមកបន្ថែមបានដែរ»។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួនជាង ២លាន ២សែននាក់ កើនឡើងប្រមាណជាង ១ពាន់ ភាគរយ ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួនជាង ៧,៥ម៉ឺន កើនឡើងជិត ៨០០នាក់ ៕ ដោយ៖វណ្ណ សុជាតា

ads banner