មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ជប៉ុន
តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែសម្រួលការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០២៣នេះ មកនៅត្រឹមចំនួន ១.៣ភាគរយ ធ្លាក់ចុះ ០.៥ភាគរយពីការព្យាករណ៍កាលពីខែមករាកន្លងទៅ។
នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន នៅតាមប្រទេស ឬក្នុងតំបន់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ការវិនិយោគឯកជនបានធ្លាក់ចុះនៅក្នុងប្រទេសជប៉ុន ចាប់ពីខែតុលា ដល់ខែធ្នូកន្លងទៅនេះ ដោយសារប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ថ្លៃយ៉ាងខ្លាំង បើធៀបនឹងប្រាក់ដុល្លារ ហើយផលប៉ះពាល់នឹងបន្តកើតមាននៅក្នុងឆ្នាំ ២០២៣នេះ។
ទន្ទឹមគ្នា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបង្កើនការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ០.២ពិន្ទុ ដល់ ១.៦ភាគរយ ខណៈដែល IMF បានកែប្រែការព្យាករណ៍សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ០.១ពិន្ទុ ដល់ ០.៨ភាគរយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសជឿនលឿនចំនួន ៩០ភាគរយនឹងថយចុះនៅឆ្នាំនេះ ហើយអត្រាគ្មានការងារធ្វើនៅក្នុងសេដ្ឋកិច្ចប្រទេសទាំងនោះ នឹងកើនឡើង ០.៥ពិន្ទុជាមធ្យមក្នុងរយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ២០២៤។
ការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ គឺ ៥.២ភាគរយ ដោយសារប្រទេសចិនកំពុងបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីបញ្ចប់គោលនយោបាយសូន្យកូវីដ (Zero-COVID) របស់ខ្លួន។ ដោយឡែកប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងរក្សាបាននូវអត្រាកំណើនខ្ពស់ចំនួន ៥.៩ភាគរយនៅក្នុងសារពើពន្ធឆ្នាំ ២០២៣៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា