អាស៊ានថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សរាប់សិបនាក់

ហ្សាកាតា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ពាក់ព័ន្ធនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានសម្លាប់ជីវិតមនុស្សរាប់សិបនាក់។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយប្រទេសឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នជាប្រធានអាស៊ាន។

សេចក្ដីថ្លែងការណ៍របស់ប្រទេសឥណ្ឌណេស៊ីដែលបច្ចុប្បន្នជាប្រធានអាស៊ាន បានលើកឡើងថា អំពើហិង្សាគ្រប់ទម្រង់ទាំងអស់ត្រូវតែបញ្ចប់ជាបន្ទាន់ ជាពិសេស នោះគឺការប្រើកម្លាំងបាយប្រឆាំងនឹងជនស៊ីវិល។ យោធាមីយ៉ាន់ម៉ាបានទទួលស្គាល់ថា ខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើការិយាល័យរដ្ឋបាលមួយកន្លែង ស្ថិតនៅក្នុងតំបន់ សាហ្គាង ដោយ បានផ្ដាច់ជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងសិស្សសាលាកំពុងរាំកម្សាន្តយ៉ាងសប្បាយរីករាយ។

សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែត្រូវបានរារាំងពីកិច្ចប្រជុំកំពូល ជុំវិញការបរាជ័យរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការអនុវត្តផែនការសន្តិភាព។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ក្នុងឆ្នាំ ២០២១ ការបង្រ្កាបរបស់យោធាលើក្រុមអ្នកប្រឆាំង និងក្រុមប្រដាប់អាវុធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេ បានធ្វើឱ្យមនុស្សជាង ៣.២០០នាក់បានស្លាប់។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner