ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅស៊ូដង់ រហូតដល់បញ្ចប់ពិធីបុណ្យរ៉ាម៉ាដន
អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នៅថ្ងៃទី២០ ខែមេសានេះ បានអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងហោចណាស់បីថ្ងៃនៅក្នុងប្រទេសស៊ូដង់ ចំពេលប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាការបញ្ចប់ខែពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងកំពុងរស់នៅក្នុងពេលវេលាដ៏សំខាន់មួយនៅក្នុងប្រតិទិនមូស្លីម ខ្ញុំគិតថា នេះក៏ជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់បង្កើតបទឈប់បាញ់។ យើងបានទាក់ទងជាមួយភាគីពាក់ព័ន្ធនានា… យើងជឿជាក់ថា ការបង្កើតបទឈប់បាញ់នឹងអាចទៅរួច។
លោក ហ្គូទែរេស បន្ថែមថា បទឈប់បាញ់នេះ នឹងអនុញ្ញាតឱ្យជនស៊ីវិលដែលជាប់គាំងនៅក្នុងតំបន់ជម្លោះ អាចរត់គេចខ្លួន និងស្វែងរកការព្យាបាល ស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់នៅថ្ងៃបុណ្យ Eid ត្រូវតែជាជំហានដំបូង ដើម្បីផ្អាកការប្រយុទ្ធគ្នា និងត្រួសត្រាយផ្លូវសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយថា បទឈប់បាញ់នេះពិតជាមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា មនុស្សជាង ៣០០នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ រវាងកងកម្លាំងដែលស្មោះត្រង់នឹងមេទ័ពរបស់ប្រទេសស៊ូដង់ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់ ប៊ូហាន និងយោធាប៉ារ៉ា (RSF) របស់អនុប្រធានរបស់គាត់ គឺលោកឧត្តមសេនីយ៍ ម៉ូហាម៉េដ ហាមដាន ដាក្លូ។ ការប្រយុទ្ធគ្នាដ៏សាហាវមួយចំនួនបានកើតឡើងនៅក្នុងរដ្ឋធានី Khartoum ជាទីក្រុងដែលមានប្រជាជន ៥លាននាក់រស់នៅ ដែលភាគច្រើនត្រូវបានបិទទ្វារនៅក្នុងផ្ទះរបស់ពួកគេ ដោយគ្មានអគ្គិសនី ស្បៀងអាហារ និងទឹកប្រើប្រាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា