សម្ដេចតេជោនាយករដ្ឋមន្រ្តី៖ ទិវាកម្មសិទ្ធិបញ្ញា ជំរុញសកម្មភាពលើកកម្ពស់កិច្ចការពារ និងការប្រើប្រាស់កម្មសិទ្ធិបញ្ញា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ដែលកម្ពុជានឹងប្រារព្វឡើងនៅក្នុងខែមេសា ខាងមុខនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញានេះ ឱ្យកាន់តែអធិកអធម ដើម្បីចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា និងលុបបំបាត់ការប្រកួតប្រជែងមិនស្មោះត្រង់។

សារលិខិតក្នុងឱកាស «ទិវាកម្មសិទ្ធិបញ្ញាពិភពលោក» របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីចុះថ្ងៃទី ១៩ ខែមេសា បានលើកឡើងថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែងដែលបានចូលរួមអបអរសាទរជាមួយនឹងបងប្អូនជនរួមជាតិកម្ពុជានិងសហគមន៍អន្តរជាតិ។ ជាពិសេសស្ត្រីគ្រប់រូបនាឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ “ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ដែលរៀបចំឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

ទន្ទឹមនឹងការចូលរួមរៀបចំដូចបណ្តាប្រទេសនៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដែរនោះ រាជ
រដ្ឋាភិបាលកម្ពុជាក៏បានកំណត់យកថ្ងៃទី២៦ខែមេសាជារៀងរាល់ឆ្នាំ ជាទិវាកម្មសិទ្ធិបញ្ញាក្នុងគោលបំណងជំរុញសកម្មភាពលើកកម្ពស់កិច្ចការពារ និងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ព្រមទាំងបង្កើនការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាក្នុងចំណោមសាធារណជនឱ្យបានទូលំទូលាយផងដែរ។

សារលិខិតបន្តថា៖« មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ មិនត្រឹមតែបានបំផុសស្មារតីឱ្យយើងទាំងអស់គ្នាចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាប៉ុណ្ណោះទេ។ប៉ុន្តែមូលបទខាងលើមានសារៈសំខាន់ក្នុងការលើកស្ទួយឱ្យចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រីកសក្តានុពល របស់ខ្លួនតាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រឌិតនិងជំនាញក្នុងការបង្កើតម៉ាក និងផលិតផល ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍអាជីវកម្ម»។

សារលិខិតបន្តថា ការកសាងច្បាប់កម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា ដែលប្រកាន់យក របបសេដ្ឋកិច្ចទីផ្សារ ដោយផ្តោតសំខាន់លើវិស័យឯកជនជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ប្រភពដដែលបន្តថា៖«ការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មានសារៈសំខាន់ណាស់ដល់ភាពរីកចម្រើនរបស់វិស័យឯកជន តាមរយៈការបង្កើតផលិតផលដែលមានម៉ាករបស់កម្ពុជា ការបង្កើតស្នាដៃ ការបង្កើនផលិតភាព លើកទឹកចិត្តឱ្យមានការផ្ទេរ
បច្ចេកវិទ្យាចាំបាច់ និងជំរុញនវានុវត្តន៍នៅគ្រប់វិស័យ»។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងថា ស្ថា
ប័នពាក់ព័ន្ធនឹងរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកនៅថ្ងៃទី ២៦ខែមេសា ដោយក្នុងនោះក៏រៀបចំពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាចំនួនបីបន្ថែមទៀត ទី១ អំបិលកំពតកែប ទី២ ទឹកត្រីកំពតកែប និងទី៣ បង្កងតាកែវ និងសម្ពោធម៉ាកសមូហភាពចំនួនបួនបន្ថែមទៀតរួមមាន អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង ក្រូចថ្លុងកោះពីរ និងនំបញ្ចុកសៀមរាប។

លោកបន្តថា៖«យើងខិតខំផ្សព្វផ្សាយពីចំណេះដឹងនៃកម្មសិទ្ធិបញ្ញា ហើយឃើញថាក្រោយពីការផ្សព្វផ្សាយ មានការចូលរួមអនុវត្តច្បាប់ដែលយើងមាន ហើយម៉ាករបស់កម្ពុជាដែលដាក់ពាក្យចុះបញ្ជីមានការកើនឡើងហើយឃើញថាអ្នកធុរកិច្ច ពាណិជ្ជករ បានចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអាជីវកម្មររបស់ពួកគេ»។

សូមជម្រាបថា នៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ កម្ពុជាកំពុងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញារួមមាន (១)ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (២)ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣)ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម (៤) ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង(៥)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដទៃទៀត៕ ដោយ៖ សុខ រក្សា

ads banner