ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន ២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតផ្ទះតាមដងទន្លេបាសាក់ ចំនួន ២១គ្រួសារ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១ គ្រួសារ ទទួលបាន អង្ករ មី, ត្រីខ, ទឹកស៊ីអ៊ីវ , ទឹកត្រី, ទឹកបរិសុទ្ធ, តង់កៅស៊ូ , និងម៉ាស ។ ក្នុងនោះដែរគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុងមានចំនួន ០២គ្រួសារ ទទួលបានថវិកា ១លានរៀល គ្រួសារដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ១៥គ្រួសារ ទទួលបានថវិកា ៨០ម៉ឺនរៀល និងគ្រួសារប៉ះពាល់ស្រាលមានចំនួន ០៤គ្រួសារ ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចាកចេញពីទីតាំងដែលកំពុងរកនូវការបាក់ស្រុតនេះ ហើយសូមរកទីតាំងសុវត្ថិភាពស្នាក់នៅជាបណ្ដោះអាសន្ន ៕ ដោយ-រ៉ាវុធ



