ការប្រយុទ្ធគ្នានៅស៊ូដង់ផ្ទុះឡើងជាថ្មី ខណៈភាគីជម្លោះគោរពបទឈប់បាញ់មិនឱ្យគ្រប់កន្លែង

អត្ថបទដោយ៖
CPA

ខាទុំ៖ការប្រយុទ្ធគ្នានៅប្រទេសស៊ូដង់បានផ្ទុះឡើងជាថ្មីកាលពីល្ងាចថ្ងៃអង្គារ ខណៈប្រេសិតរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ភាគីនៃជម្លោះដែលរួមមានកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលជាទាហានប៉ារ៉ា មិនគោរពបទឈប់បាញ់ឱ្យគ្រប់កន្លែង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ភាគីជម្លោះ SAF និង RSF បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលត្រូវចាប់ផ្ដើមពីថ្ងៃអង្គារ បន្ទាប់ពីការចរចាក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញ អ្នកយកព័ត៌មានរបស់រ៉យទ័រ បានអះអាងថា ស្នូរកាំភ្លើង និងការផ្ទុះបានលាន់ឡើងនៅល្ងាចថ្ងៃអង្គារក្នុងទីក្រុង Omdurman ដែលតាមបណ្ដោយទន្លេនីលនៅជាប់រដ្ឋធានីខាទុំ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Volker Perthes បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារថា បទឈប់បាញ់មិនបានគោរពឱ្យគ្រប់ទីកន្លែងនោះទេ។ លោកបន្តទៀតថា ភាគីទាំង២មិនបានបង្ហាញការត្រៀមខ្លួនដើម្បីធ្វើការចរចាឱ្យម៉ឺងម៉ាត់នោះទេ ដោយគិតរៀងៗខ្លួនថា ភាគីម្ខាងអាចយកឈ្នះលើដៃគូម្ខាងទៀត ដែលនេះជា «ការគណនាខុស»។

គួរបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា ទាហានប៉ារ៉ាបានធ្វើការបង្កប់ខ្លួននៅក្នុងសង្កាត់លំនៅដ្ឋាន ខណៈក្រុមកងទ័ពបានធ្វើការវាយប្រហារកំណត់គោលដៅលើពួកគេពីលើអាកាស។

ការប្រយុទ្ធគ្នាបានធ្វើឱ្យតំបន់ប្រជាជនរស់នៅប្រែទៅជាសមរភូមិ បង្កប្រជាជនរាប់ម៉ឺននាក់រត់ភៀសខ្លួនទៅតំបន់គ្មានជម្លោះ ក៏ដូចជាប្រទេសជិតខាង។ មកទល់ពេលនេះ ការវាយប្រហារតាមអាកាស និងកាំភ្លើងធំ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥៩ នាក់ ធ្វើឱ្យរបួសជាង ៤ ០០០ នាក់ បំផ្លាញមន្ទីរពេទ្យ ហើយធ្វើឱ្យរាំងស្ទះដល់ដំណើរការចែកស្បៀងអាហារ ក្នុងប្រទេសដែលប្រជាជន ១ភាគ៣ នៃចំនួនប្រជាជនសរុប ៤៦ លាននាក់ ពឹងផ្អែកលើជំនួយស្បៀងអាហារ៕ ដោយ៖ ហួន ឌីណា

ads banner