គណៈកម្មាធិការអចិន្ត្រៃយ៍កំណត់យកថ្ងៃទី២ ខែឧសភា បន្តសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យឱ្យយោបល់សេចក្តីព្រាងច្បាប់ សំខាន់ៗចំនួនបី
ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួនបួនរួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៤។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។
៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ ទាំងបីខាងលើនេះ៕
ដោយ: គ្រី សម្បត្តិ + ប៊ុន ហុក