តើបញ្ហាធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយ អាចដោះស្រាយបានដោយរបៀបណា?

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្តាយភ្លាមបន្ទាប់ពីសម្រាល អាចជួយទប់ស្កាត់មរណភាពទារកបាន ២០ភាគរយ ហើយកុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេលប្រាំបីខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

បើទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់មានសារៈសំខាន់យ៉ាងណាក្តី ក៏និន្នាការនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយ។

ហេតុអ្វីការបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ?

ចំនួនបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះពីអាត្រា ៧៣,៥ភាគរយ ក្នុងឆ្នាំ២០១០ មក ៦៥ភាគរយ ក្នុងឆ្នាំ ២០១៤ ហើយតួលេខនេះបានបន្តធ្លាក់ចុះមកត្រឹម ៥១ភាគរយ នៅឆ្នាំ២០២១ ដែលភាគច្រើនគឺនៅតំបន់ទីប្រជុំជន។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ២០២២។

លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជា ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាធំៗបី។ ទី១. ស្ត្រីជាម្តាយចាប់ផ្តើមខ្វល់ខ្វាយពីសម្រស់ដោយខ្លាចការបំបៅកូននាំឲ្យដើមទ្រូងយារ បាត់បង់សម្រស់។ កត្តាទី២. ការមមាញឹកនឹងការងារ ប្រចាំថ្ងៃ និងទី៣. ការឃោសនាផ្សព្វផ្សាយលើសលប់ពីគុណភាពផលិតផលទឹកដោះគោ ឬម្សៅទឹកដោះគោតាមរូបមន្តដែលនាំឲ្យគ្រួសារភាគច្រើនមាននិន្នាការងាករកការប្រើផលិតផលជាងបំបៅកូនដោយទឹកដោះម្តាយ។

លោក ហ៊ូ ក្រើន ប្រធានអង្គការហេឡេន ខេល័រប្រចាំកម្ពុជាយល់ឃើញថា ស្ត្រីនៅកម្ពុជាប្រមាណ ៧០% កំពុងបម្រើការងារក្នុងប្រព័ន្ធ ហើយតាមការស្រាវជ្រាវ ម្តាយភាគច្រើនបានបោះបង់ការបំបៅកូននៅរវាង៣ខែក្រោយសម្រាល ពោលពេលចូលធ្វើការវិញដែលនេះគឺជាកង្វះការគាំទ្រពីនិយោជក។

វិបត្តិដែលកើតចេញពីការមិនបំបៅកូនដោយទឹកដោះម្តាយ និងបញ្ហាប្រឈម

កម្ពុជាបានខាតបង់ថវិកាប្រមាណ ៣ ២៦,៨ លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ឬស្មើនឹង ២ភាគរយ នៃចំណូលជាតិសរុប ទៅលើការរួមចំណែកផ្នែកប្រព័ន្ធសុខាភិបាល និងការខូចខាតផ្នែកបញ្ញាស្មារតីរបស់កុមារដោយសារការពុំបានបំបៅកូនដោយទឹកដោះម្តាយបានគ្រប់គ្រាន់។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយអាចបង្កហានិភ័យដល់កុមារដូចជា បញ្ហាជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុនៃភាពវ័យឆ្លាត ឬIQ ចុះខ្សោយ ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ ឬធាត់ជ្រុលជាដើម។

អ្នកស្រី សេង រ័ត្នពិសី ជាអ្នកម្តាយមួយរូបដែលធ្លាប់រងគ្រោះពីការបំបៅកូនដោយផលិតផលម្សៅទឹកដោះបានឱ្យដឹងថាក្រោយបំបៅកូនដោយផលិតផលម្សៅទឹកដោះគោ កូនអ្នកស្រីចាប់ផ្តើមជួបបញ្ហាសុខភាព មានភាពស្លេកស្លាំង ឧស្សាហ៍ក្អួតចង្អោរ មានអាការៈចង់សន្លប់ផងដែរ។ អ្នកស្រីថា៖ «ពេលខ្ញុំនាំកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ទើបដឹងថាបញ្ហាកូនខ្ញុំគឺកើតឡើងដោយសារបញ្ហាម្សៅទឹកដោះគោ»។

ស្រដៀងគ្នានេះ អ្នកស្រី ចាន់ ផល្គុន ក៏ជួបហេតុការណ៍នេះដែរ ដោយបន្ទាប់ពីកូនអ្នកស្រីចាប់ផ្តើមទទួលការបំបៅដោយផលិតផលទឹកដោះគោម្សៅ ពីពីរ ទៅបីខែ កូនអ្នកស្រី មានអាការៈខុសប្រក្រតី កើតជំងឺស្លេកស្លាំង និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ដំណោះស្រាយ និងការលើកកម្ពស់កាបំបៅកូនដោយទឹកដោះម្តាយ

ទឹកដោះម្តាយ គឺជាអាហាររូបត្ថម្ភដ៏សំខាន់មានផ្ទុកសារធាតុប្រូតេអ៊ីន ជាតិស្ករឡាក់តូស ជាតិខ្លាញ់ ជាតិទឹក ព្រមទាំងសម្បូរទៅដោយជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូម។ សារធាតុចិញ្ចឹមអស់ទាំងនេះ ជាអាហារបំប៉នដ៏ចំបាច់ជួយទារកក្នុងរយៈពេល ៦ខែដំបូងនៃជីវិត និងសម្រាប់សុខភាពនិងការលូតលាស់របស់កុមារនៅគ្រប់កាលៈទេសៈទាំងអស់។

ប្រធានអង្គការហេឡេន ខេល័រប្រចាំកម្ពុជា លោក ហ៊ូ ក្រើន បានអះអាងថា ៖ «ទឹកដោះម្តាយមានតម្លៃនិងជាអាហារូបត្ថម្ភល្អឥតខ្ចោះនៅគ្រប់កាលៈទេសៈដែលសូម្បីអង្គការសុខភាពពិភពលោកក៏ថាគ្មានផលិតផលណារួមទាំងម្សៅទឹកដោះគោដែលរួមផ្សំតាមរូបមន្ត ល្អលើសទឹកដោះម្តាយពីធម្មជាតិដែរ»។

យុទ្ធនាការផ្សព្វផ្សាយ និងផ្លាស់ប្តូរឥរិយាបថសង្គមគាំទ្រលើការបំបៅកូនដោយទឹកដោះម្តាយរបស់អង្គការយូនីសេហ្វ (UNICEF) បង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយបានសង្គ្រោះជីវិតកុមារអាយុក្រោម៥ឆ្នាំជាង ៨២០ ០០០ នាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២០ ០០០ ករណីបន្ថែមទៀតពីជំងឺមហារីកដោះដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ។

ដោយមើលឃើញពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ អ្នកជំនាញពាក់ព័ន្ធ និងជាពិសេសក្រសួងសុខាភិបាលកម្ពុជាបានចាត់វិធានការនិងស្វែងរកដំណោះស្រាយជាច្រើន។

លោក ហ៊ូ ក្រើន អះអាងថាកម្ពុជាពិតត្រូវការដំណោះស្រាយមួយដែលជាក់លាក់ និងគ្រប់ជ្រុងជ្រោយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ។ កន្លងមក ភាគីពាក់ព័ន្ធនិងក្រសួងសុខាភិបាលកម្ពុជាបានរៀបចំវិធានការដោយដាក់ចេញនូវឯកសារយុទ្ធសាស្រ្តដែលមានឈ្មោះថា «យុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថស្ត្រី ទារក និងកុមារ» ជាការត្រួសត្រាយផ្លូវលើការងារនេះ។

សូមរំឭកថា អនុក្រឹត្យលេខ១៣៣ ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៧ មានគោលបំណងរួមចំណែកក្នុងការផ្តល់នូវអាហារូបត្ថម្ភឱ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ តាមរយៈការគាំពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងការជំរុញលើកទឹកចិត្តឲ្យមានការផ្តល់អាហារបន្ថែមឲ្យបានត្រឹមត្រូវ និងស្របតាមអាយុកំណត់របស់ទារក និងកុមារ។

ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា អង្គការសង្គមស៊ីវិលនានា បានសំណូមពរឲ្យបង្កើនរយៈពេលសម្រាកលំហែកមាតុភាពនៅកម្ពុជា ដែលជាមធ្យោបាយដើម្បីលើកកម្ពស់ការផ្តល់ការបំបៅកូនដោយទឹកដោះម្តាយ ដោយហេតុថាស្ត្រីនៅកម្ពុជាប្រមាណ ៧០ភាគរយ អាយុចាប់ពី ១៥ឆ្នាំឡើងទៅកំពុងបម្រើការងារក្នុងប្រព័ន្ធ។

ករណីនេះដៃគូសហការរបស់បណ្តាញចលនាបង្កើនអាហារូបត្ថម្ភបានស្នើឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការសម្រាកលំហែមាតុភាពឱ្យសមស្របតាមបទដ្ឋានសកល ដោយបង្កើនរយៈពេលឲ្យបាន ១៨០ថ្ងៃ ជាមួយនឹងការទទួលបានប្រាក់ឈ្នួលពេញ និងចាប់ផ្តើមណែនាំឲ្យមានច្បាប់លំហែបិតុភាពដោយទទួលបានប្រាក់ឈ្នូលសម្រាប់ឪពុកដែលមានកូនទើបកើត និងពង្រឹងវិធានការទាំងនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ប្រាក់ សោភ័ណ្ឌនារី បានបង្ហាញការគាំទ្រទាំងស្រុងចំពោះការជំរុញឱ្យមានការបង្កើនរយៈពេលលំហែមាតុភាពម្តាយធ្វើការ ព្រោះការឈប់សម្រាកលំហែមាតុភាពកន្លងមក បានធ្វើឱ្យស្រ្តីដែលកំពុងបំរើការងារជួបបញ្ហាប្រឈមក្នុងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូងនៃជីវិតរបស់ទារកស្របតាមគោលនយោបាយរបស់កម្ពុជា និងអង្គការសុខភាពពិភពលោក។

សរុបមក ការបំបៅកូនដោយទឹកដោះម្តាយពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់ទារកដែលនឹងត្រូវក្លាយជាយុវជនបន្តវេន ហើយដើម្បីអាចដោះស្រាយបញ្ហាធ្លាក់ចុះនៃការបំបៅកូននេះបាន ការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល គឺជារឿងចាំបាច់៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner