ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ចែករំលែក «បទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍» ជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជន
ភ្នំពេញ៖ ក្នុងឱកាសពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានផ្តល់កិត្តិយសជាវាគ្មិនធ្វើបទបង្ហាញពីរំលែក «បទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍» ជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការងារគ្រប់គ្រងបញ្ហាសតិអារម្មណ៍សម្រាប់ការងារអប់រំនយោបាយ និងសកម្មភាពរបស់បក្ស ជាពិសេសក្នុងការវាយតម្លៃវិភាគ បូកសរុបនូវសកម្មភាព និងសភាពការណ៍ដែលកើតមានក្នុងមូលដ្ឋានជាប្រចាំ។

ឯកឧត្តមបានលើកឡើងថា ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានអំពីគណបក្ស កម្មវិធីនយោបាយ សភាពការណ៍ជាតិ-អន្តរជាតិ ព្រមទាំងអំពីទង្វើដ៏ល្អប្រពៃរបស់មន្ត្រីបក្សក្នុងមូលដ្ឋាននីមួយៗ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យ មន្រ្តី សមាជិក សមាជិកា និងសកម្មជនគណបក្ស ត្រូវរៀនសូត្រតាមគម្រូវីរភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សលើការងារសតិអារម្មណ៍ និងបន្តខិតខំពង្រឹងសមត្ថភាពជាប្រចាំដើម្បីអនុវត្តការងារមហាជនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែម៕
ដោយ:ហេង សម្បត្តិ

