សហភាពអឺរ៉ុប និងអង់គ្លេសត្រៀមបង្កើតច្បាប់ថ្មី ដើម្បីបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
ឡុងដ៍៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស TikTok, Twitter, Facebook, Google និង Amazon កំពុងប្រឈមមុខនឹងការកើនឡើងសម្ពាធពីអាជ្ញាធរអឺរ៉ុប ខណៈដែលអង់គ្លេស និងសហភាពអឺរ៉ុបបានបង្កើតច្បាប់ថ្មី ដើម្បីទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនឌីជីថល។
ក្រុមហ៊ុនបណ្តាញសង្គមយក្សទាំងនេះ បានស្ថិតក្នុងចំណោមក្រុមហ៊ុនជាប់ឈ្មោះក្នុងបញ្ជីនៃវេទិកាអនឡាញដ៏ធំបំផុតទាំង១៩ ដែលនាយកប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយថា ត្រូវតែបំពេញកាតព្វកិច្ចបន្ថែមទៀត ដើម្បីលាងសម្អាតមាតិកាខុសច្បាប់ និងព័ត៌មានមិនពិត រួមទាំងការរក្សាសុវត្ថិភាពគណនីយអ្នកប្រើប្រាស់ ស្ថិតក្រោមច្បាប់ឌីជីថលរបស់ប្លុកមានសមាជិក២៧ប្រទេស ដែលនឹងចូលជាធរមាននៅចុងឆ្នាំ២០២៣។
ជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេសបានបង្ហាញសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់អំណាចបន្ថែមទៀតដល់និយតករ ដើម្បីការពារគណនីយអ្នកប្រើប្រាស់ពីការបោកប្រាស់តាមអ៊ីនធឺណិត និងការពិនិត្យមើលព័ត៌មានក្លែងក្លាយ ក៏ដូចជាជំរុញការប្រកួតប្រជែងផ្នែកឌីជីថល។
ការធ្វើបច្ចុប្បន្នភាពនេះ នឹងជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់អឺរ៉ុប ក្នុងនាមជាមេដឹកនាំពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអំណាចរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថលផ្សេងៗទៀត៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា