លោក សួង សុភ័ណ្ឌ លើកឡើងពីការបែកបាក់របស់គណបក្សប្រឆាំងពិបាកក្នុងការរួមកម្លាំងគ្នាយកឈ្នះលើគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ អតីតមេដឹកនាំចលនាយុវជន និងជាអតីតបេក្ខជនតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់អំពីមូលហេតុដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជជនកម្ពុជាថា ចំណុចទី១.បរិបទនយោបាយមានប៉ូលពីរ គឺប៉ូលប្រឆាំង និងប៉ូលស្រប ហើយប៉ូលប្រឆាំងមានការបែកបាក់ពិបាកក្នុងការរួមកម្លាំងគ្នាយកឈ្នះ ដូច្នេះបានជាលោកសម្រេចចិត្តប្រើប្រាស់សមត្ថភាពជួយរដ្ឋាភិបាលដើម្បីរក្សានូវសន្តិភាព និងបន្តការអភិវឌ្ឍន៍។ ចំណុចទី២.គណបក្សប្រជាជនកម្ពុជា បានត្រៀមរៀបចំមេដឹកនាំស្នងទៅអនាគត។ ជាក់ស្តែងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអនាគតនឹងក្លាយទៅជានាយករដ្ឋមន្ត្រីក្នុងពេលខាងមុខ។ ដូច្នេះលោកជាមនុស្សជំនាន់ថ្មី ជាអ្នកនយោបាយចាស់វស្សាដែរហើយ មានឆន្ទៈរួមកម្លាំងជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីរក្សានូវសន្តិភាព និងបន្តការអភិវឌ្ឍន៍។ បើទោះបីជាមិនទាន់មានការបោះឆ្នោត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនទាន់ក្លាយជានាយករដ្ឋមន្ត្រី ក៏លោកនិងក្រុមការងារខិតខំប្រឹងប្រែងជួយសម្តេចជាបណ្តើរៗផងដែរ។

លោកបានបន្តថា មានលក្ខខណ្ឌផ្សេងៗទៀតច្រើន និងអត់មានជម្រើសផ្សេង ហើយមានតែពេលនេះទេ ដែលលោកត្រូវសម្រេចចិត្តផ្លូវនយោបាយពីផ្លូវប្រឆាំងមកជួយកិច្ចការងាររដ្ឋាភិបាលដោយស្មោះត្រង់ជាទីបំផុត។

លោក សួង សុភ័ណ្ឌ បានលើកឡើងពីការបែកបាក់របស់គណបក្សប្រឆាំងថា ជាទិដ្ឋភាពទូទៅដែលយើងមិនអាចលាក់បាំងបាន យើងឃើញថា បើទោះបីជាលទ្ធផល នៃការរំលាយកន្លងមកក៏ដោយនោះ ក៏ប៉ុន្តែមេដឹកនាំនយោបាយគួរតែចេះសាមគ្គីគ្នា រួបរួមគ្នា ប៉ុន្តែការរួបរួមនឹងមិនបានកើតឡើងទេ មានការបែកបាក់ ហើយមានព័ត៌មានផ្ទៃក្នុងមួយចំនួនទៀត។ ចំពោះគណបក្សប្រឆាំងបច្ចុប្បន្ន លោកមើលឃើញជាក់ស្តែងមានតែការប្រេះឆាផ្សេងៗ។ ហេតុផលទាំងអស់នេះហើយ បើលោកឈានទៅរួមកម្លាំងជាមួយបក្សប្រឆាំងវាអត់ទទួលបានលទ្ធផលអ្វីទេ។ លទ្ធផលមិនមែនតំណែងទេ គឺការការពារផលប្រយោជន៍ជាតិ ដូច្នេះហើយបានជាលោកសម្រេចចិត្តថា ការប្រឹងប្រែងរយៈពេលជាង១០ឆ្នាំមកនេះ ល្មមសមគួរហើយនៅក្នុងបក្សប្រឆាំង យើងអាចធ្វើអ្វីបានទៅតាមទំហំដែលយើងអាចធ្វើទៅបានក្នុងនាមជាបក្សប្រឆាំង។

លោកបានបញ្ជាក់ថា “កិច្ចការងារដែលអាចជួយជាតិ និងប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋបានធំធេងមានតែការជ្រើសរើសផ្លូវជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ ទើបខ្ញុំអាចប្រើប្រាស់សមត្ថភាព ទេពកោសល្យ និងមានឥទ្ធិពលផ្លូវច្បាប់ខ្លះ ដែលយើងអាចទៅធ្វើកិច្ចការងារដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋបានបន្តទៅទៀត”។

គួរបញ្ជាក់ថា លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងជាអតីតបេក្ខជនតំណាងរាស្ត្រមណ្ឌល ខេត្តប៉ៃលិន នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សខ្មែរឈ្នះ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី៕
ដោយ៖ពលជ័យ

ads banner