លោក ចូ បៃដិន អះអាងថា ប្រព័ន្ធធនាគារអាមេរិកនៅតែមានសុវត្ថិភាព បន្ទាប់ពីធនាគារធំមួយទៀតដួលរលំ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ដែលរឹបអូសដោយនិយតករសហព័ន្ធ នៅថ្ងៃទី០១ ខែឧសភា នឹងទទួលបាននូវការពារ ដោយលោកបានសន្យាថា នឹងបន្តចាត់វិធានការ ដើម្បីរក្សាប្រព័ន្ធធនាគារឱ្យ “មានសុវត្ថិភាព”។
ធនាគារ First Republic បានក្លាយជាធនាគារធំទី៣ហើយ ដែលបានដួលរលំក្នុងរយៈពេលតិចជាង២ខែ នៅពេលដែលខ្លួនត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Federal Deposit Insurance Corp. ហើយលក់ទៅឱ្យក្រុមហ៊ុន JPMorgan Chase។
នៅក្នុងសុន្ទរកថានៅឯសួនផ្កាកូលាបនាសេតវិមាន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា អ្នកដាក់ប្រាក់បញ្ញើទាំងអស់ត្រូវបានការពារ បើទោះបីជាម្ចាស់ភាគហ៊ុនកំពុងបាត់បង់ការវិនិយោគរបស់ពួកគេ ហើយអ្នកបង់ពន្ធមិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធនោះទេ។
លោក បៃដិន បន្តថា ចំណាត់ការនេះ ក៏នឹងការពារអាជីវកម្មខ្នាតតូច រួមទាំងអ្នកដាក់ប្រាក់បញ្ញើនៅធនាគារ First Republic ដែលមានមូលដ្ឋាននៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ផងដែរ ដែលឥឡូវនេះជាការដួលរលំរបស់ធនាគារដ៏ធំបំផុតទីពីរ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក និងជាបញ្ហាធំបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨មក។
លោក បៃដិន បន្ថែមថា ចំណាត់ការទាំងនេះ នឹងធ្វើឱ្យប្រាកដថា ប្រព័ន្ធធនាគារសហរដ្ឋអាមេរិកមានសុវត្ថិភាព ក្នុងនោះរួមបញ្ចូលទាំងការការពារអាជីវកម្មខ្នាតតូចនៅទូទាំងប្រទេស ដែលត្រូវការបើកប្រាក់បៀវត្សរ៍សម្រាប់កម្មករ៕
ប្រភព៖ nbcnews ប្រែសម្រួលដោយ៖ ឈឹម ទីណា