សហរដ្ឋអាមេរិកនឹងឈប់ទាមទារភស្តុតាងចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះអ្នកដំណើរមកពីក្រៅប្រទេស
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ នឹងឈប់តម្រូវឱ្យជនបរទេស ដែលមកដល់ប្រទេសខ្លួនតាមជើងហោះហើរ បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៀតហើយ។ សេតវិមានបានប្រកាសពីវិធានការនេះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២៣។
រដ្ឋាភិបាលអាមេរិកនឹងដកចេញការរប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ។ សេតវិមានបានបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺកូវីដ១៩បានធ្លាក់ចុះ៩៥ភាគរយ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានធ្លាក់ជិត៩១ភាគរយ ចាប់តាំងពីខែមករា ឆ្នាំ២០២១។ សេតវិមានបន្ថែមថា ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោក បច្ចុប្បន្នបានស្ថិតក្នុងកម្រិតទាបបំផុត ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។
បើតាមសេតវិមាន ជាមួយនឹងប្រជាជនអាមេរិកជាង៨០ភាគរយ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩យ៉ាងហោចណាស់មួយដូសនោះ សហរដ្ឋអាមេរិកបានស្ថិតក្នុងដំណាក់កាលខុសពីមុន ដោយមិនទាមទារជាចាំបាច់ចំពោះការចាក់វ៉ាក់សាំងនោះទេ។ យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែមអំពីការបញ្ចប់តម្រូវការទាមទារភស្តុតាងចាក់វ៉ាក់សាំង នឹងត្រូវផ្តល់ជូនសាធារណជនទូទៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា