ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣
ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនា-ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប ។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០៣ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីធានាបាននូវចីរភាពនៃការកៀរគរប្រមូលចំណូល និងកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ-វត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។
សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តមួយដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ហើយជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកែទម្រង់មុតស្រួច និងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរ និងប្រមូលចំណូល ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន ដើម្បីធានាបាននូវចីរភាពកំណើនសេដ្ឋកិច្ច ចីរភាពកំណើនចំណូល ការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ និងសមធម៌សង្គម ក៏ដូចជាការបង្កើនភាពអនុគ្រោះដល់បរិយាកាសធុរកិច្ច ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការទាក់ទាញការវិនិយោគរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន២០ជំពូក និង ២៥៥មាត្រា ត្រូវបានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០៣រូប បានឡើងមានយោបល់រួចមក ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្តតម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងសវនកម្មកិច្ចលទ្ធកម្ម ចំណែកស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវបានផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន ។
សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាក្របខ័ណ្ឌគតិយុត្តគោលដ៏សំខាន់មួយសម្រាប់ពង្រឹងប្រព័ន្ធលទ្ធកម្មសាធារណៈនៅព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្ម ឱ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលវែង ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋ-កិច្ច និងសមធម៌សង្គម ។
សេចក្តីព្រាងច្បាប់នេះមាន១៥ជំពូក និង ៨៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមចំនួន៩៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០១រូប បានឡើងមានយោបល់រួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានគោលបំណងបង្កើតក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងទំនាក់-ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាមមានភាពប្រសើរឡើង ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន០២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមចំនួន៩៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក