ប្រធានអង្គការពុទ្ធសាសនិកពិភពលោក សរសើរសម្តេចតេជោ បានចូលរួមចំណែកច្រើនក្នុងការស្វែងរកសន្តិភាព និងធ្វើឲ្យមានសុខដុមនីយកម្មសាសនា ដែលចាំបាច់ត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ
ភ្នំពេញ៖ ប្រធានអង្គការពុទ្ធសាសនិកពិភពលោក បានសរសើរសម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព និងធ្វើឲ្យមានសុខដុមនីយកម្មសាសនា ដែលចាំបាច់ត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ។
ឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក បានថ្លែងដូចនេះ ក្នុងឱកាសដឹកនាំប្រតិភូអង្គការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដម Phallop Thaiarry បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។
សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផង មិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ