ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងចំនួន៩នាក់

ភ្នំពេញ៖ ទណ្ឌិតចំនួន៩នាក់ ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជកក្រឹត្យចុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសបានឱ្យដឹងថា ទណ្ឌិតចំនួន៩រូប ដែលត្រូវបានលើកលែងទោស ដែលមានរាយនាមដូចខាងក្រោម៖
១-ឈ្មោះ ប៉េង សុខា ភេទប្រុស កើតឆ្នាំ១៩៦៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ តុលាការកំពូល។
២-ឈ្មោះ ណុប វ៉ុន ភេទប្រុស កើតឆ្នាំ១៩៧០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៣-ឈ្មោះ វ៉ន សាវណ្ណ ភេទប្រុស កើតឆ្នាំ១៩៧៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល តាមអំណាច សាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៤-ឈ្មោះ វ៉ន ឡេង ភេទប្រុស កើតឆ្នាំ១៩៩៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៥-ឈ្មោះ សាន សៅរី ភេទប្រុស កើតឆ្នាំ១៩៨៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៩៩ I ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៦-ឈ្មោះ ឧ រឹម ភេទប្រុស កើតឆ្នាំ១៩៨២ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI” ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៧-ឈ្មោះ ចាន់ សារ៉ាត់ ភេទប្រុស កើតឆ្នាំ១៩៨៦ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៦៧ “VI” ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់តុលាការកំពូល។
៨-ឈ្មោះ ឆុន ប៊ុនឆាត ភេទប្រុស កើតឆ្នាំ១៩៨៨ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ១៨៩ I ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល។
៩-ឈ្មោះ ធុយ វី ភេទប្រុស កើតឆ្នាំ១៩៨៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៧ “ក្រ IV ទល” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លោកគង់ ម៉ាស់ និងសកម្មជនក្រុមប្រឆាំងចំនួន៩នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។

អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀតជុំវិញផែនការប្រកាសវិលត្រឡប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និងបក្ខពួក។ បើតាមលិខិតសុំទោសរបស់លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារដែលតុលាការបានផ្តន្ទាទោសដល់រូបលោករយៈពេល៥ឆ្នាំ គឺលោកមានការភ្ញាក់រលឹកដឹងខ្លួនថា ចាញ់បោកការឃោសនាបោកបញ្ឆោតរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាននៅកម្ពុជា ដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់ សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង និងបានស្នើសុំការសន្ដោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។

គួរបញ្ជាក់ថា នាពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង សកម្មជនគាំទ្រ និងក្រុមយុវជន រួមទាំងមន្ត្រីដែលជាប់ក្នុងពន្ធនាគារ ដែលបានចាញ់ឧបាយកលដ៏ខ្មៅកខ្វក់របស់មេដឹកនាំបក្សប្រឆាំង បានធ្វើជាវីដេអូ និងជាលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងបានទទួលស្គាល់កំហុសដែលពួកគេបានធ្វើតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំងនាពេលកន្លងមក ហើយពួកគេក៏សម្រេចចិត្តសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រុមមន្ត្រី និងយុវជន បានលាតត្រដាង និងបកអាក្រាតអំពើខ្មៅកខ្វក់របស់គណបក្សប្រឆាំងដែលតែងតែញុះញង់បញ្ជេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល និងបង្កើតឲ្យមានភាពចលាចលក្នុងសង្គម ក្នុង គោលបំណងបង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ads banner