អាជ្ញាធរមីនកម្ពុជាចែករំលែកបទពិសោធន៍ពីការងារមីន ក្នុងសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នាប្រទេសថៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចែករំលែកបទពិសោធន៍នៃការងារសកម្មភាពមីននៅកម្ពុជា ក្នុងឱកាសសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នៅប្រទេសថៃ ដើម្បីចូលរួមដល់ការងាររក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់រងគ្រោះដូចកម្ពុជា។

យោងតាមអាជ្ញាធរមីន កាលពីថ្ងៃទី១៥ ខែឧសភា បានឱ្យដឹងថា ព្រឹត្តិការណ៍សន្និបាតប្រចាំឆ្នាំទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ(UN ESCAP) បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ខណៈនោះដែរអាជ្ញាធរមីន សហការជាមួយគណៈកម្មាធិការជាតិអេស្កាប់ បានរៀបចំព្រឹត្តិការណ៍អមស្តីពី «ការបោសសម្អាតមីនដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» និងការតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខនៃសកម្មភាពមីនកម្ពុជា។

អាជ្ញាធរមីន បានបន្តថា ព្រឹត្តិការណ៍អមនេះ មានការចូលរួមពីលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP, ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍,ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងតំណាងអង្គការ ស្ថាប័នអន្តរជាតិនានាដែលជាដៃគូ និងបណ្តាញរបស់អង្គការសហប្រជាជាតិផងដែរ។

នាឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងក្នុងព្រឹត្តិការណ៍អមនោះថា សមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំនៅកម្ពុជា គឺបានកើតចេញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងនាំឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ដែលអាចឱ្យការងារបោសសម្អាតមីនបានដំណើរការទទួលជោគជ័យ និងឈានដល់ការអភិវឌ្ឍប្រទេសប្រកបដោយសុវត្ថិភាព។

ឯកឧត្តមមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ២០២៥ និងរួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាលើកទី១៨ ដើម្បីដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងសំណល់គ្រាប់មីនចង្កោមជាដើម»។

ឯកឧត្តមបានបន្ថែមថា បញ្ហាទាំងនេះត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ២០១៩-២០២៣ផងដែរ។

លោកបញ្ជាក់ថា ៖ «បញ្ហាគ្រាប់មីននៅកម្ពុជា បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវិស័យជាច្រើន មិនត្រឹមតែបង្កើតបន្ទុកទៅលើជនរងគ្រោះ និងក្រុមគ្រួសារប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។

ទោះបីយ៉ាងណា កម្ពុជានៅបន្តការងារបោសសម្អាតមីនដែលនៅសេសស់ឱ្យអស់ក្នុងទំហំផ្ទៃដីប្រមាណជា ៥៦៣ គីឡូម៉ែត្រក្រឡា ដោយបានដាក់ផែនការបញ្ចប់ត្រឹមឆ្នាំ២០២៥ ព្រមទាំងរៀបចំគោលនយោបាយជាតិដោះស្រាយហានិភ័យពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយឆ្នាំ២០២៥ ផងដែរ។

យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ផ្ទៃដីដែលមានជាតិផ្ទុះប្រមាណ ២,៥៧៩គីឡូម៉ែត្រការ៉េត្រូវបានសម្អាត ក្នុងនោះបានបំផ្លាញមីនប្រឆាំងមនុស្សបានចំនួន ១,១៥៥,៤១៩គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦,១៣៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣លានគ្រាប់។

អាជ្ញាធរមីន បានបន្តថា ការងារនេះបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៩.៤លាននាក់ និងផ្ដល់ផ្ទៃដីដែលបានបោសសម្អាតមីនប្រហែល ៧៦ភាគរយ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ធ្វើកសិកម្ម៕ ដោយ៖ ជា សុខនី

ads banner