វិមានក្រឹមឡាំង ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតជុំវិញកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅតំបន់សមុទ្រខ្មៅ

មូស្គូ៖ ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣ វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីបានបន្តកិច្ចព្រមព្រៀងស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិឆ្លងកាត់តំបន់សមុទ្រខ្មៅរយៈពេលពីរខែទៀតបន្ទាប់ពីរុស្ស៊ីសម្រេចបាននូវលទ្ធផលមួយចំនួនពីកិច្ចចរចាអស់រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ការណ៍នេះបានផ្តល់ក្តីសង្ឃឹមខ្លះដល់ប្រទេសដែលកំពុងខ្វះស្បៀងអាហារ ប៉ុន្តែរុស្ស៊ីបានលើកឡើងថា ការវិវត្តទៅមុខយ៉ាងណានោះ គឺអាស្រ័យទៅលើថាតើរុស្ស៊ីនឹងទទួលបានផលប្រយោជន៍ច្រើនប៉ុណ្ណា។

កាលពីថ្ងៃពុធ ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ (Tayyip Erdogan) បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា កិច្ចព្រមព្រៀងនេះត្រូវបានយល់ព្រមហើយពីសំណាក់ប្រទេសរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ និងប្រទេសតួកគី បានដើរតួនាទីជាភាគីសម្របសម្រួលជុំវិញកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរយៈពេល ១២០ ថ្ងៃដំបូងកាលពីខែកក្កដាឆ្នាំមុន ដើម្បីអាចជួយដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក។

ដំបូងឡើយ ទីក្រុងមូស្គូហាក់ដូចជាមិនចង់បន្តកិច្ចព្រមព្រៀងនេះទេ លុះត្រាតែរុស្ស៊ីអាចនាំចេញកសិផលជាច្រើនរបស់ខ្លួនបានដូចគ្នា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងថា ការបន្តកិច្ចព្រមព្រៀងនេះ អាចកើតឡើងទៅបានដោយសារតែរុស្ស៊ីបានជោគជ័យនៅក្នុងការចរចាលើការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញកសិផលរបស់រុស្ស៊ី។

នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន លោកបាននិយាយថា «ចំណុចដ៏សំខាន់មួយទៀតនោះគឺទាក់ទងនឹងការបន្ធូរបន្ថយការរឹតបន្តឹងការផ្ទេរប្រាក់អន្តរជាតិតាមរយៈធនាគារកសិកម្មរដ្ឋរបស់រុស្ស៊ី»។ ចំណុចនេះផងដែរ គឺជាការទាមទារដ៏សំខាន់បំផុតមួយរបស់ទីក្រុងម៉ូស្គូដែលតែងតែលើកឡើងជារឿយៗ។

លោក បានសង្កត់ធ្ងន់ថា «យើងកំពុងស្វែងរកវិធីសាស្ត្រផ្សេងៗទៀត ដើម្បីអាចដកធនាគារ Rosselkhoz ចេញពីការដាក់ទណ្ឌកម្មរបស់ប្រព័ន្ធទូទាត់ SWIFT។ ដោយផ្អែកទៅលើការចរចាកន្លងមក យើងនៅតែមានសង្ឃឹមថាវានឹងអាចកើតឡើង។ ទីក្រុងម៉ូស្គូចង់ឃើញការវិវត្តជាវិជ្ជមានបន្ថែមទៀតនៅក្នុងរយៈពេលពីរខែខាងមុខ»។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបន្តថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដែលត្រូវដឹងថាកិច្ចព្រមព្រៀងនេះគឺអាស្រ័យទៅលើភាគីពាក់ព័ន្ធ ពោលគឺអង្គការសហប្រជាជាតិត្រូវតែយល់ព្រមជាមួយសំណើរបស់រុស្ស៊ីដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ»។

លោកបានបន្ថែមថា «យើងបានធ្វើឱ្យផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងមានភាពប្រសើរឡើង។ យ៉ាងណាក៏ដោយ យើងទទួលស្គាល់ថា វានៅមិនទាន់គ្រប់គ្រាន់នោះទេ ហើយយើងនឹងបន្តដោះស្រាយបញ្ហានេះឱ្យបានក្នុងរយៈពេល ៦០ ថ្ងៃទៅមុខទៀត»។ ក្រៅពីនេះ លោកបានបន្ថែមទៀតថា ការពិភាក្សាអំពីការនាំចេញថ្នាំអាម៉ូញាក់ពីរុស្ស៊ីទៅកាន់កំពង់ផែអ៊ុយក្រែនតាមរយៈបំពង់បង្ហូរប្រេងក៏កំពុងបន្តជជែកគ្នាផងដែរ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner