សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចុះជួបផ្ទាល់ជាមួយនឹងកម្មករកម្មការិនីនៅតាមរោងចក្រនានា
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធជាផ្លូវការនូវអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាសម្ដេចមានគម្រោងនឹងជួបកម្មករកម្មការិនី ចំនួន១៨គោលដៅ ដើម្បីពិនិត្យស្ថានភាពកម្មករកម្មការិនី ក្រោយស្ថានភាពកូវីដ១៩ បានធូរស្រាល។
សម្ដេចតេជោបានថ្លែងដូច្នេះថា ៖ «នៅក្នុងអាទិត្យនេះ គឺសុក្រ សៅរ៍ និងអាទិត្យ (២៦,២៧ និង២៨ ខែឧសភា) ៣ថ្ងៃជាប់គ្នា ខ្ញុំនឹងទៅសួរសុខទុក្ខកម្មករកម្មាការិនី ហើយនៅពេលខាងមុខតាមគ្រោងទុក ខ្ញុំនឹងជួបកម្មករកម្មការិនី ១៨ គោលដៅដែលឱកាសបានផ្តល់ឱ្យយើង សម្រាប់ការជួបជុំ ដើម្បីសួរទុក្ខកម្មករកម្មការិនីរបស់យើង»។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ទៀតថា៖ ពីមុនខ្ញុំជួប៧៧លើក ជាមួយនឹងកម្មករប្រមាណជាមួយលាននាក់ ឥឡូវខ្ញុំនឹងចុះទៅជាថ្មីទៀត។ ម្សិលមិញជួបម្តងហើយ ជាង២៤ ០០០ នាក់។ ឥឡូវមួយកន្លែងៗ មានចាប់ពី ១៥ ០០០នាក់ ឡើងទៅ។ ពីមុននេះ យើងមិនអាចទៅសួរសុខទុក្ខបានទេ សូម្បីតែឥឡូវហ្នឹង ទោះបីជាទៅសួរសុខទុក្ខមែន តែមិនអាចថត មិនចាប់ដៃបានទេ ព្រោះមិនដឹងថាខ្ញុំកើតកូវីដ ឬអ្នកដទៃកើតកូវីដ ដូច្នេះត្រូវរក្សាគម្លាតសិន។
នៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត កាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅថ្មីៗនេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា ការចុះទៅជួបកម្មករកម្មការិនីនាពេលកន្លងទៅ នឹងនាពេលខាងមុខនេះ មិនមែនដោយសារតែការជិតបោះឆ្នោតមកដល់នោះទេ តែជាកាតព្វកិច្ចចាំបាច់ដែលរដ្ឋាភិបាលតែងតែធ្វើជាប្រចាំក្នុងការដឹងសុខទុក្ខរបស់ពលរដ្ឋ។រឿងនេះវាជាកាតព្វកិច្ចពិនិត្យបងប្អូន ក្រោយពេលជំងឺកូវីដ។ អ៊ីចឹងខ្ញុំអាចនឹងរកពេលខ្លះ ដើម្បីចែករំលែក ដោយសារឥឡូវមិនចសូវចាយពេលដូចមុនទេ ពីមុនចាយពេលច្រើន ជាពិសេសចែកលុយឱ្យស្រ្តីមានផ្ទៃពោះ និងថតសែលហ្វីជាមួយបងប្អូនកម្មករកម្មការិនីយើង។
បើតាម លោក អ៊ីត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិតនាពេលកន្លងមក និងកម្មវិធីដែលគ្រោងនឹងធ្វើនាពេលខាងមុខនេះ គឺជាការបន្តអនុវត្តអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍគោលនយោបាយវិស័យឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគ ការងារ និងមុខរបរ កាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧ លើក ដែលមានសរុបប្រមាណជាងមួយលាននាក់ ដោយក្នុងនោះមានពីរលើក បានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គិតមកដល់ត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ការជួបសំណេះសំណាលជាមួយកម្មករនិយោជិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចំនួន ៨០ លើក។
ឯ អុិត សំហេង បានបញ្ជាក់ថា ៖ «តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គន្លឹះ១០ចំណុច ដែលបានសម្រួលដល់បរិយាការវិនិយោគ, ផ្តល់នូវការលើកម្ពស់សិទ្ធិអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើន ដល់បងប្អូនកម្មករនិយោជិត ហើយក្រសួងក៏បាន និងកំពុងសហការជាមួយក្រសួងស្ថាប័ន ដោយបានអនុវត្តអនុសាសន៍ជោគជ័យផងដែរ»។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយ រក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧ ១០២ សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥ លាននាក់៕ ដោយ៖ វណ្ណ សុជាតា